វិធានគ្រាអាសន្នរបស់ប្រទេសថៃប្រឆាំងនឹងជំងឺកូវីដ-១៩ បន្តរហូតដល់ថ្ងៃទី ៣១ ខែសីហា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០​ — មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ របស់ប្រទេសថៃ (CCSA) បានអនុម័តការពន្យារពេលនៃវិធានគ្រាអាសន្នទូទាំងប្រទេសសម្រាប់រយៈពេលមួយខែទៀតរហូតដល់ថ្ងៃទី ៣១ ខែសីហា។

អ្នកនាំពាក្យរបស់ CCSA លោក Taweesilp Visanuyothin បាននិយាយថា ការពន្យារពេលនេះ គឺជាការចាំបាច់មួយ ពីព្រោះការរីករាលដាលនៃជំងឺកូវីដ-១៩ កំពុងរីករាលដាលពាសពេញពិភពលោក ហើយប្រទេសថៃបានអនុញ្ញាតិឱ្យភ្ញៀវទេសចរបរទេសចូល និងបន្ធូរបន្ថយសម្រាប់ការធ្វើអាជីវកម្ម និងសកម្មភាពមួយចំនួន ដែលជាការបង្កហានិភ័យខ្ពស់នៃការឆ្លងជំងឺនេះ។

លោក Taweesilp បាននិយាយថា ក្រឹត្យគ្រាអាសន្ននេះអនុញ្ញាតឱ្យរដ្ឋាភិបាលដាក់កម្រិតទៅលើការមកដល់របស់អ្នកដំណើរ តាមដានករណីសង្ស័យនៃជំងឺកូវីដ-១៩ និងដាក់វិធានការត្រួតពិនិត្យជំងឺទៅលើអាជីវកម្ម និងសកម្មភាពទាំងអស់។

លោកបាននិយាយបន្ថែមថា វានឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងការរៀបចំការផ្លាស់ប្តូរថ្នាក់ជាតិទៅរកសភាពការណ៍ថ្មីរហូតទាល់តែមានច្បាប់ផ្សេងទៀតត្រូវបានអនុវត្ត។

លោកឧត្តមសេនីយ៍ Somsak Roongsita អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិថៃ និងជាអ្នកដែលស្នើសុំពន្យារពេលនេះ ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកកប៉ុស្តិ៍ដែលបាននិយាយថា ករណីឆ្លងជំងឺកូវីដ-១៩ នៅលើសកលលោក បានកើនឡើងជាង ២០០.០០០នាក់ក្នុងមួយថ្ងៃ ហើយបានកើតឡើងនៅក្នុងប្រទេសដែលនៅក្បែរៗប្រទេសថៃ។

ច្បាប់គ្រប់គ្រងជំងឺនឹងត្រូវបានធ្វើវិសោធនកម្ម ដើម្បីផ្តល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺកូវីដ-១៩ ។ លោកបាននិយាយបន្តថា ដោយរង់ចាំសេចក្តីសម្រេចនេះ ក្រឹត្យគ្រាអាសន្នគួរតែត្រូវបានអនុវត្តបន្ត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)