ក្រសួងសាធារណការ ហៅបុគ្គលិកពីវិស័យឯកជនមកបណ្តុះបណ្តាលពីច្បាប់ចរាចរណ៍

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៤ ០៧ ២០២០


MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបណ្តុះបណ្តាលច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដល់បុគ្គលិកក្រុមហ៊ុននានានៅកម្ពុជា ដើម្បីធ្វើជាគ្រូបង្គោលដែលអប់រំបន្តទៅដល់មិត្តភក្តិ ឬបុគ្គលិកផ្សេងទៀត ឱ្យយល់ដឹងពីការប្រើប្រាស់ផ្លូវប្រកបដោយសុវត្ថិភាព។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងក្រសួងសាធារណកា និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា បុគ្គលិកមកពីក្រុមហ៊ុនឯកជនជាង១ម៉ឺនក្រុមហ៊ុន នឹងត្រូវហៅដើម្បីធ្វើការបណ្តុះបណ្តាលឱ្យយល់ដឹងពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលដល់បុគ្គលិកមកពីក្រុមហ៊ុនចំនួនជាង២០ក្រុមហ៊ុន ជាលើកដំបូងនៅថ្ងៃទី២៤ ខែកក្កដានេះ លោកជំទាវ បានបញ្ជាក់ថា គោលបំណងនៃការអប់រំ និងបណ្តុះបណ្តាលនេះ គឺដើម្បីឱ្យយុវជនដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្តយកចិត្តទុកដាក់ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាបបំផុត ខណៈយ៉ាងហោចណាស់យានយន្តចំនួន១.៥០០គ្រឿង ក្នុងមួយថ្ងៃ នៅប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ បើទោះបីជាមានការរឹតបន្តឹងទៅលើការផាកពិន័យ។
សំឡេង៖ ចឹងបានអញ្ជើញក្មួយៗទាំងអស់ហ្នឹង…………….ចៀសមិនផុតពីការប្រើប្រាស់ផ្លូវបានទេ
រយៈពេល៦ខែ ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងជាង១.៦០០លើក ដោយបណ្តាលឱ្យមានអ្នកស្លាប់ជាង៨០០នាក់ និងរបួសធ្ងន់និងស្រាលស្រុបជាង២.៤០០នាក់ ដោយនៅក្នុងចំណោមនោះអ្នកប្រើប្រាស់មធ្យោបាយតាមទោចក្រយានយន្ត(ម៉ូតូ) មិនពាក់មួកសុវត្ថិភាពមានអត្រាខ្ពស់ជាងគេ ហើយមូលហេតុនៃគ្រោះថ្នាក់ គឺបណ្តាលមកពីបើកបរហួសល្បឿនកំណត់ បើកបរល្មើសនឹងភ្លើងសញ្ញា មិនគោរពសិទ្ធិអាទិភាព ជាដើម។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា មានប្រសសន៍ថា ការទប់ស្កាត់ការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ អាចធ្វើបានលុះត្រាតែប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ភាពចរាចរណ៍។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈការបង្កើនប្រាក់ពិន័យ ដើម្បីទប់ស្កាត់ និងកាត់បន្ថយចំនួនអ្នកស្លាប់ និងរងរបួស ដោយសារកត្តាហានិភ័យនេះឱ្យនៅទាបបំផុត៕