តំបន់ទេសចរណ៍ភ្នំពើងតានាន់ស្ថិតនៅក្នុងស្រុកអង្គរជុំ នៃខេត្តសៀមរាប កំពុងក្លាយទៅជាទីកន្លែងកម្សាន្តមួយដ៏ទាក់ទាញ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០


MC. តំបន់ទេសចរណ៍ភ្នំពើងតានាន់ស្ថិតនៅក្នុងស្រុកអង្គរជុំ នៃខេត្តសៀមរាប កំពុងក្លាយទៅជាទីកន្លែងកម្សាន្តមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនាពេលសព្វថ្ងៃ ព្រោះទីនោះជាកន្លែងកម្សាន្តមួយ ដែលពោពេញទៅដោយដោយជួរភ្នំ ខ្យល់អាកាសបរិសុទ្ធនិងទិដ្ឋភាព យ៉ាងល្អប្រណិតដើម្បីជួយបំបាត់ទុក្ខកង្វល់នានា។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖
លោកលុក ផុស អភិបាលនៃគណៈអភិបាលស្រុកអង្គរជុំមានប្រសាសន៍ថា តំបន់ភ្នំពើងតានាន់មានផ្ទៃដីគ្របដណ្តប់ប្រមាណជាង៤០ហិតា ស្ថិតក្នុងភូមិដូនឯម ឃុំគោកដូង ស្រុកអង្គរជុំ មានចំងាយប្រមាណ៧០គីឡូម៉ែត្រពីក្រុងសៀមរាប គឺជាតំបន់ទេសចរណ៍ដែលបានកកើតឡើងតាំងពីបរមបុរាណមក ដោយទីនោះមានទិដ្ឋភាព ប្លែកៗជាច្រើនដូចជា ជួរភ្នំ ពើងថ្ម តំបន់ដីរលុះ ទេសភាព បែបជនបទ និងភាពបៃតងតាមរយៈព្រៃឈើ និង ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋនៅជុំវិញនោះ។
លោកបានបន្ថែមទៀតថា ក្រៅពីនោះក៏មានការលក់ដូរម្ហូបអាហារជាលក្ខណៈធម្មជាតិ ជូនទៅកាន់អ្នកទេសចរក្នុងតម្លៃសមរម្យ និងធានាជូននូវសន្តិសុខសុវត្ថិភាព ទោះបីតំបន់ដាច់ស្រយាលប៉ុន្តែបញ្ហាសុវត្ថិភាពល្អប្រសើរណាស់។
សំឡេង៖សក្តានុពលវិស័យទេសចរណ៍ក្នុងភ្នំពើងតានាន់ នៅក្នុងឃុំគោកដូង ស្រុកអង្គរជុំនេះ សុទ្ធតែជារបស់ធម្មជាតិ បានន័យថាពើងថ្មបណ្តុំៗលើគ្នាច្រើន ប្រជាពលរដ្ឋតែងតែទៅមើលនៅទីហ្នឹង ទី២ ធម្មជាតិគឺបៃតង ពោពេញទៅដោយព្រៃឈើ ដំណាំកសិផលរបស់បងប្អូនប្រជាពលរដ្ឋ បើសិនជាយើងថត ពីលើភ្នំមើលទៅឃើញទេសភាពស្អាតណាស់ ហើយប្រជាពលរដ្ឋម្តុំហ្នឹងតែងតែអាំងមាន់ធម្មជាតិ លក់ជូនក្នុងតម្លៃសមរម្យ ហើយការរក្សាសន្តិសុខនៅក្នុងមូលដ្ឋានគឺល្អណាស់ មិនមានបញ្ហាអ្វីទេ ចង់ធ្វើដំណើរស្មើពេលណាក៏បានដែរ នៅភូមិសាស្ត្រហ្នឹង។
លោកអភិបាលស្រុកអង្គរជុំបានសំណូមពរទៅកាន់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរទាំងអស់ សូមចូលរួមក្នុងការថែរក្សាអនាម័យបរិស្ថានជាពិសេសការវេចខ្ចប់ និងទុកដាក់សំរាមឲ្យបានសមរម្យផងដែរ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ក្នុងឱកាសជួបពិភាក្សាជាមួយក្រុមប្រតិបត្តិករសេវាទេសចរណ៍ ដើម្បីត្រៀមលក្ខណៈកន្លែងស្នាក់នៅ និងតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាបសម្រាប់ទទួលភ្ញៀវទេសចរមកកំសាន្តក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យមន្ត្រីរាជ និយោជិត កម្មករឈប់សម្រាកការងាររយៈពេល៥ថ្ងៃ នៅខែសីហា ខាងមុខនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បង្ហាញថា រដ្ឋបាលខេត្តនឹងរៀបចំគម្រោងមួយដោយជិះកង់នៅតំបន់ភ្នំពើងតានាន់ ក្នុងស្រុកអង្គរជុំ រួចបន្តមកជិះមកភ្នំចង្ក្រានរយក្នុងស្រុកវ៉ារិន ដើម្បីជួយផ្សព្វផ្សាយពីតំបន់សក្តានុពលទេសចរណ៍នៅក្នុងខេត្ត៕