សម្បត្តិធនធានធម្មជាតិរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២០–

ក្រសួងបរិស្ថានប្រកាសឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកទល់នឹងឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកា ចំនួន ១១,៦លានដុល្លារអាម៉េរិក ហើយកម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត លទ្ធផលនេះអាស្រ័យដោយ សារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ ។

​តាមរយៈអត្ថបទមួយបង្ហោះនៅក្នុងបណ្តាញសង្គមរបស់ខ្លួន ក្រសួងបរិស្ថានបានឱ្យដឹងបន្តថា កាបូនដែលបានបំភាយចេញពីព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេសសល់បរិមាណច្រើន រួមមាន៖ ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ជាទីដែលបានការពារព្រៃឈើបានយ៉ាងល្អ និងបានលក់ឥណទានកាបូន។ មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃច្បាស់លាស់ ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេងៗដែលរាជ រដ្ឋាភិបាលកម្ពុជា អនុវត្តន៍ដើម្បីធានាការពារ និងគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត។ ការសម្រេចទិញឥណទានកាបូនពីកម្ពុជា របស់ក្រុមហ៊ុននានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិ នៅក្នុងតំបន់នោះ ហើយធន ធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព។

ប្រភពខាងលើអះអាងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់លើការការពារ និងអភិរក្សធនធានធម្មជាតិ ដោយថែរក្សាឈើឈរដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែនដី តាមរយៈការលក់ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូន ត្រូវបានយកទៅប្រើប្រាស់គាំពារលើការងារអភិរក្ស និងការបង្កើតសេដ្ឋកិច្ចសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងតំបន់នោះ។ ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងផងដែរ។

ប្រភពដដែលបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូណ៌បែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិ ស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបចំនួន ៦៩ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១.២៦០នាក់ ដោយសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូនានា បាននិងកំពុងឈរជើងការពារ។ ជាមួយគ្នានេះដែរ តំបន់ការពារធម្មជាតិមួយចំនួនកំពុងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឱ្យទាក់ទាញអារម្មណ៍ ដូចជា ខ្នងផ្សារ វាលធំ ជាដើម ៕ដោយ ពេជ្រ ណារិទ្ធ