ដំណាំទំពាំងបារាំង គឺជាបន្លែដែលកំពុងពេញនិយម និងមានតម្រូវការខ្ពស់នៅលើទីផ្សារ

វិទ្យុជាតិកម្ពុជា:លោកស្រី ធីណា ឌីណេ២៣.០៧.២០២០


MC៖ ដំណាំទំពាំងបារាំង គឺជាបន្លែកំពុងពេញនិយម ងាយរកទីផ្សារ និងមានតម្លៃខ្ពស់ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិន មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្នប្រជាកសិករក្នុងខេត្តបាននាំគ្នាចង់ក្រងជាបណ្តុំដាំបន្លែទំពាំងបារំាង ដែលមានសមាជិកចំនួនជិត៤០នាក់ ខណៈដែលដំណាំប្រភេទនេះ ឆាប់ទទួលផល ហើយយើងអាចទទួលបផលបានរាល់ថ្ងៃ ឯការដាំដុះ និងថែទាំក៏ងាយស្រួល ងាយស្រួលក្នុងការរកទីផ្សារ តម្លៃក៏ខ្ពស់ ហើយមានរស់ជាតិឆ្ងាញ់ពិសារ ។
លោកបន្តថា ចំពោះទីផ្សារបន្លែទំពាំង បារាំងនេះ មានឈ្មួញពីភ្នំពេញ បានមកទិញដល់កន្លែងតែម្ដង ក្នុងមួយគីឡូក្រាមតម្លៃ១២,០០០រៀល ។ លោកបញ្ជាក់ថា ដំណាំទំពាំងបារាំង បានផលគ្រប់រដូវ សំខាន់ការប្រើប្រាស់ជីធម្មជាតិ មានដូចជា ជីកំប៉ុស ជីអង្កាម ឬជីលាមកសត្វ រួមនឹងការថែទាំ ការស្រោចស្រពឲ្យបានជាប់ជាប្រចាំ ដោយប្រើរយៈពេលប្រហែល៤ខែប៉ុណ្ណោះ អាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ ហេតុដូចនេះ មន្ទីរតែងតែចុះណែនាំ ឲ្យប្រជាកសិករដែលមានដីទំនេរ គួរនាំគ្នាដាំដំណាំបន្លែទំពាំងបារំាងនេះឲ្យបានច្រើន ព្រោះមានតម្លៃខ្ពស់ និងមិនពិបាករកទីផ្សារឡើយ ។
សំឡេង៖« ទំពាំងបារាំងជាដំណាំមួយប្រភេទងាយស្រួលមានទីផ្សារ ដោយសារការដាំដុះមិនប្រើប្រាស់ថ្នាំពុលឬសារធាតុគីមីឡើយ ចំណាយដើមទន់តិចទទួលផលបានខ្ពស់ និងមានរយៈពេលយូក្នុងការទទួលផល ទើបប្រជាកសិករបាននាំគ្នាងាកមកដាំដំណាំប្រភេទនេះច្រើន ហើយការនិយមរបស់ទីផ្សារក៏ច្រើន ជាពិសេសមានអ្នកចាំទទួលទិញដល់ទីកន្លែងតែម្តង ដែលពួកគាត់បានចុះកិច្ចសន្យាទិញលក់ និងមានទីផ្សារទំនើបនៅទីក្រុងភ្នំពេញបើគេត្រូវការយើងបោះដុំឲ្យគេ ហេតុដូចនេះប្រជាកសិករមើលឃើញថាមានទីផ្សារគាត់ក៏នាំគ្នានាំជាបណ្តើរៗ »។
លោកស្រី លឹម សុភាព កសិករដាំបន្លែទំពាំបារាំង នៅក្នុងភូមិក្រចាប់ ឃុំអូតាវ៉ៅ ស្រុកប៉ៃលិន ខេត្តប៉ៃលិន បានឲ្យដឹងដែរថា កាលពីមុនដំណាំនេះ មិនសូវមានទីផ្សារទេ តែក្រោយមក ដោយមានការជំរុញនិងផ្សព្វផ្សាយពីមន្ទីរកសិកម្មខេត្តប៉ៃលិន ក៏ដូចជាបណ្តុំក្នុងសហគមន៍ក្រចាប់ គឺទទួលបានការកម្មង់ទិញពីប្រជាពលរដ្ឋអ្នកទទួលទានជាច្រើន ជាពិសេសអ្នកនៅភ្នំពេញ ។
លោកស្រីថា បច្នុប្បន្ននេះ អ្នកស្រីដាំបន្លែទំពាំងបារាំងលើផ្ទៃដីចំនួន២៤០០ម៉ែតការេ ដោយប្រមូលផលចាប់ពី៨ទៅ ១០គីឡូក្រាម ក្នុងមួយថ្ងៃ ហើយមានម៉ូយយកទៅលក់បន្តនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្នុងតម្លៃ១២០០០ រៀលក្នុងមួយគីឡូក្រាម ។ លោកស្រី គ្រោងនឹងពង្រីកផ្ទៃដីដាំដុះបន្លែទំពាំង បារាំងនេះឲ្យបានកាន់តែច្រើន ចៀសវាងទុកដីឱ្យទំនេរចោរ ។
សំឡេង៖ «ទំពាំងបារាំងគឺមានទីផ្សារល្អ ដោយបច្នុប្បន្ននេះ មានក្រុមហ៊ុនបន្លែបៃតងស្រស់នៅទីក្រុងភ្នំពេញគឺជាអ្នកទទួលទិញរហូតទៅដល់៥០០គីឡូ ក្រាមក្នុងមួយថ្ងៃ ហើយនៅក្នុងភូមិក្រចាប់នេះមានប្រជាកសិករចំនួន១០អ្នកជាអ្នកដាំ»។
យោងតាមឯកសារស្រាវជ្រាវបានបង្ហាញថា ទំពាំងបារាំងមានផ្ទុកជីវជាតិ និងវីតាមីនជាច្រើន ដូចជា វីតាមីនអា (A) វីតាមីនសេ (C) វីតាមីនអ៊ី(E) វីតាមីនបេ1 (B1) ហើយសម្បកវាសម្បូរទៅដោយជាតិដែក កាល់ស្យូម(CA) សារធាតុខ្លាញ់ និងមានសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត ដែលរាងកាយមនុស្សត្រូវការ ។ ក្រៅពីនេះ ជាតិកាកសរសៃដ៏ល្អក្នុងបន្លែទំពាំងបារាំង អាចជួយទប់ជាតិស្ករនៅក្នុងឈាមមិនឱ្យឡើងខ្លាំង ជួយកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ជួយឱ្យពោះវៀនធំដំណើរការបានល្អ ជួយឱ្យសរសៃសក់មានសុខភាពល្អ ជួយថែរក្សាសុខភាពភ្នែក និងជួយថែរក្សាសុខភាពបេះដូងថែមទៀតផង ។ បន្លែទំពាំងបារាំងអាចយកមកធ្វើម្ហូបបានច្រើន ទាំងបែបខ្មែរ និងបែបអីរ៉ុប មានរស់ជាតិឆ្ងាញ់ ហើយជួយដល់សុខភាពថែមទៀងផង ។