ប្រពន្ធ័ចរាចរនៅតំបន់ក្តាន់ពីរ ដែលធ្លាប់តែកកស្ទះស្ទើររាល់ថ្ងៃនោះនឹងមានភាពប្រសើរឡើង បន្ទាប់ពីកែសម្រួលប្រពន្ធ័ចរាចររួច

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ចន​ ណារិទ្ធ​

រាជធានីភ្នំពេញ ៖ មន្ត្រីជំនាញ បានអះអាងថា តំបន់អតីតរង្វង់មូលក្តាន់ពីរ និងតំបន់ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាចំណុចប្រសព្វមហាវិថីសហពន្ធ័រុស្សី និងផ្លូវចូលតំបន់អភិវឌ្ឍន៏បឹងកក់ ដែលតែងតែមានការកកស្ទះចរាចរស្ទើររាល់ថ្ងៃនោះ នឹងមិនមានការកកស្ទះចរាចរទៀតទេ បន្ទាប់ពីកែសម្រួលប្រពន្ធ័ចរាចរនៅតំបន់ក្តាន់ពីររួច ប៉ុន្តែសុំអោយប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាផងដែរ ។
លោក សាំ ពិសិដ្ឋ នាយកមន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅរសៀលថ្ងៃទី២៣ខែកក្តដា២០២០នេះថា រហូតមកដល់ពេលនេះ ការដ្ឋានកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្តាន់ពីរអនុវត្តន៏បានជិតរួចរាល់ហើយ គឺនៅសល់តែការងាររៀបការ៉ូឡាលើចិញ្ចើមផ្លូវប៉ុណ្ណោះ ដែលគ្រោងបញ្ចប់នៅក្នុងសប្តាហ៏ក្រោយនេះ ។ លោកបានអះអាងថា បន្ទាប់ពីកែសម្រួលប្រពន្ធ័ចរាចររួច នៅតំបន់អតីតរង្វង់មូលក្តាន់ពីរ និងតំបន់ខាងមុខទីស្តីការគណៈរដ្ឋមន្ត្រី នឹងមិនមានការកកស្ទះចរាចរទៀតទេ តែក៏សុំអោយមានការចូលរួមពីប្រជាពលរដ្ឋដែលបើកបរត្រូវគោរពច្បាប់ចរាចរណ៏ផងដែរ ខណៈដែលតំបន់នោះមានការកកស្ទះស្ទើររាល់ថ្ងៃពីមុនមកនោះ ។
មន្ត្រីជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ចំពោះការកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ក្តាន់២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្តូរទីតាំងភ្លើងស្តុប ពង្រីកផ្លូវសហព័ន្ឋរុស្ស៊ី ជីកដាក់លូទំហំ១ម៉ែត្រ និងអ៊ុតកៅស៊ូផ្លូវបានរួចរាល់ហើយ។ ក្នុងនោះមានពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ី ចិញ្ចើមផ្លូវខាងជើង ដោយចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែង មហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបភ្នំពេញស៊ីធីសេនធ័រ (តំបន់អភិវឌ្ឍន៍បឹងកក់)នឹងដាក់លូទំហំ១ម៉ែត្រ ដើម្បីរំដោះទឹកចេញពីដងមហាវិថីព្រះមុនីវង្សនិងមហាវិថីសហព័ន្ធរុស្ស៊ី។ ការកែសម្រួលប្រព័ន្ធចរាចរណ៍ នៅត្រង់ចំណុចប្រសព្វក្តាន់២រវាងវិថីស៊ីធីសេនធ័រ(ផ្លូវ R៦)និងវិថីសាធារណរដ្ឋឆេកនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការកែសម្រួលផ្ទៃសួនច្បារក្តាន់ពីរមួយផ្នែកទៅជារង្វង់មូលក្តាន់២និងស្ថាបនាផ្លូវជុំវិញរង្វង់មូលនេះដោយរក្សារូបសំណាកក្តាន់២ឱ្យនៅដដែល ។
មន្ត្រីដដែល បានអះអាងថា ក្រោយពីដាក់អោយដំណើរការភ្លើងស្តុបថ្មី និងការពង្រីកផ្លូវរួច តំបន់ខាងលើនេះកាត់បន្ថយនូវការកកស្ទះចរាចរណ៍បានប្រមាណ៦០% ហើយក៏ទទួលបាននូវការកោតសរសើរនិងសាទរពីសំណាក់ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។
សូមបញ្ជាក់ថា ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អផងនោះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងស្ថាបនារបងថ្ម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីតាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ចាប់ពីការ៉ាសសាំងតូតាល់រហូតដល់ស្តុបវត្តនាគវន្ត័ ដែលគម្រោងនេះធ្វើជាពីរដំណាក់កាល គឺដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៏ចេញពីតារាសាំងតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២)មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ និងណាក់ការទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តមានប្រវែង៤៣៧ម៉ែត្រ៕