បន្តពង្រឹងការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនទៅកាន់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់

វិទ្យុជាតិកម្ពុជា៖


MC: ស្នងការនគរបាលខេត្តតាកែវបន្តពង្រឹងការផ្សព្វផ្សាយអំពីបញ្ហាគ្រឿងញៀនទៅកាន់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់ ដើម្បីលុបបំបាត់នូវការប្រើប្រាស់គ្រឿងញៀននៅមូលដ្ឋានឱ្យមានប្រសិទ្ធិភាព ។ អ្នកយកព័ត៌មានយើងធ្វើសចក្តីរាយការណ៍……
លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានមានប្រសាសន៍ថា មន្ត្រីជំនាញនៃ ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបន្តចុះអប់រំផ្សព្វផ្សាយ ពីច្បាប់ស្តីពីគ្រឿងញៀន និងផលប៉ះពាល់ ពីសារធានញៀន ទៅកាន់ប្រជាពលរដ្ឋក៏ដូចជាយុវជន និងសិស្សានុសិស្សនៅទូទាំងខេត្ត ដោយជំរុញឱ្យមានការ សហការ និងទបស្កាត់ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាចូលរួមលុបបំបាត់ឲ្យអស់នៅមូលដ្ឋានភូមិឃុំ សង្កាត់គ្មានគ្រឿងញៀន។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នាទីស្តីការគណៈរដ្ឋមន្រ្តី លោកឧត្តមសេនីយ៍ទោបានឲ្យដឹងទៀតថា ស្នងការដ្ឋាននគរបាលខេត្តបានដាក់យន្ដការចុះពង្រឹងគោលដៅនៅតាមភូមិ ឃុំ សង្កាត់ និងក្រុង ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាព ដើម្បីធានាសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងខេត្តឲ្យបានល្អប្រសើរ។
(សំឡេង)«យើងប្រើវិធានការផ្សព្វផ្សាយអប់រំជាធំព្រោះប្រជាពលរដ្ឋពេលខ្លះគាត់យល់ទេអត់ដឹងថាគ្រឿងញៀនជាស្អីទេហើយផលប៉ះពាល់ជាស្អី យើងផ្សព្វផ្សាយអប់រំតាមរយៈទីផ្សារ ទីប្រជុំជន សាលារៀនវេទិកានានា ដូចជាមាន concert ដើម្បីឲ្យជ្រាបចូលដល់ពួកគាត់ ការ អប់រំពីផលប៉ះពាល់គ្រឿងញៀនវាកើតឡើងយ៉ាងម៉េចខ្លះពីព្រោះយើងឃើញហើយថាកត្តាដែលរងគ្រោះដោយសារគ្រឿងញៀន ជាពិសេសយុវវ័យយើងដែលគាត់ភ្លឺតភ្លើន »។
លោកឧត្តមសេនីយ៍ទោក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយរាយការណ៍មកសមត្ថកិច្ច ពេលដែលមានករណី ជួញដូរ រឺ ប្រើប្រាស់គ្រឿងញៀន ទៅសមត្ថកិច្ចដែលនៅជិតបំផុតឲ្យបានទាន់ពេលវេលា ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវបានឲ្យដឹងថាកាលពី ឆ្នាំ២០១៩ អាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿងញឿន បានចំនួន៩២ ករណីចាប់ខ្លួនមនុស្សចំនួន១៦៨នាក់ និងចាប់តាមដីកាចំនួន ១៦ដីកា មនុស្សចំនួន១៦ ស្រី្ត២នាក់ ចាប់យកវត្ថុតាង រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនចំនួនជាង ៤ ក្រាម និងវត្ថុតាងចំនួនទៀត ជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត៕