សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជារក្សាមាសជាង ៣៦តោន

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា មួយរយៈពេលចុងក្រោយនេះមានបងប្អូនយើងមួយចំនួនចង់ដឹងអំពីមាសដែលជាទុនបម្រុងរបស់ជាតិ។សម្តេចតេជោ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចថា ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមានភាពសុចរិតពីព្រោះវាជារបស់ជាតិ ប៉ុន្តែនៅមានជនអាក្រក់មួយចំនួនតូចបាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាសដើម្បីវាយប្រហាររាជរដ្ឋាភិបាលថាចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ១៩ ព្រោះមិនដែលឮ សម្តេចនិយាយពីមាសនេះទៀតទេ។ សម្តេចតេជោ បញ្ជាក់ថា ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះបងប្អូនប្រាកដជាយល់និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ប្រហែលមួយឆ្នាំមុនសម្តេចធ្លាប់ប្រកាសថាមាសរបស់យើងមាន៣០តោន តែតាមតួលេខថ្មីនេះមាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមារយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ។ សូមបញ្ជាក់ថា តាមប្រភពពីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា មានតួនាទីបោះផ្សាយរូបិយវត្ថុជាតិ ហើយត្រូវធានាតម្លៃរូបិយវត្ថុទាំងនេះ។ដូច្នេះ រាល់ការបោះផ្សាយត្រូវមានបដិភាគ ជាទ្រព្យដែលមានតម្លៃ។ ទ្រព្យទាំងនេះរួមមាន រូបិយប័ណ្ណបរទេសនិងមាស ដែលហៅថា “ទុនបម្រុងអន្តរជាតិ ហើយត្រូវបានរក្សាទុកឱ្យមានសុវត្ថិភាព។បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគិតជាដុល្លារអាមេរិកមានចំនួន ១៩,៥ ប៊ីលាន គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។ ធនាគារជាតិនៃកម្ពុជាត្រូវគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីរក្សាសុវត្ថិភាពទុនបម្រុងទាំងនេះ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាវិនិយោគលើឧបករណ៍ដែលមានស្ថិរភាពខ្ពស់ដូចជារូបិយប័ណ្ណខ្លាំងនិងមាស។បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជារក្សាមាស ៣៦,៥ តោន ដែលក្នុងនោះរួមមាន៖មាសដែលជាកេរ្តិ៍មរតក តាំងពីមុនសម័យសង្គ្រាម មានចំនួន ១២,៤ តោន ដែលកំពុងរក្សាទុកនៅប្រទេសស្វីស។មាសចំនួន ១៨,១ តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស និងមាសចំនួន ១០ តោន ត្រូវបានរក្សាទុកនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា មានកាតព្វកិច្ចរាយការណ៍ជាទៀងទាត់នូវរាល់តួលេខនៃទុនបម្រុងអន្តរជាតិនេះ ដល់ស្ថាប័នមានសមត្ថកិច្ចជាតិនិងអន្តរជាតិ។
ផន វាសនា 23/07/20