វិស័យឧស្សាហកម្ម និងសិប្បកម្មកំពុងដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍខេត្តតាកែវ ពិសេសជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ២៣.៧.២០២០


MC៖អាជ្ញាធរខេត្តតាកែបានចាត់ទុកថាវិស័យឧស្សាហកម្មនិងសិប្បកម្មកំពុងដើរតួនាទីរយ៉ាងសំខាន់ក្នុងចំណោមវិស័យផ្សេងៗទៀតសំរាប់ការអភិវឌ្ឍដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិពិសេសចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវនៅព្រឹកថ្ងៃទី២៣ ខែ កក្កដានេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថាវិស័យនេះក៍កំពុងស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្ដអាទិភាពដើម្បីឆ្លើយតបនឹងគោលនយោបាយនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤និងផែនការយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជារបស់រាជរដ្ឋាភិបាលផងដែរ។ឯកឧត្តមបានបន្តថាបច្ចុប្បន្នខេត្តតាកែវបានក្លាយជាទីតាំងប្រមូលផ្តុំនៃរោងចក្រសហគ្រាស ឧស្សាហកម្មផ្នែកកមន្តសាល និងសិប្បកម្មដែលបានបោះទីតាំងជាច្រើនក្នុងខេត្ត ហើយក៏ជាគោលដៅ សំខាន់នៃការវិនិយោគក្នុងវិស័យឧស្សហកម្មរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិថែមទៀតផង។
សំឡេង៖«វិស័យឧស្សាហកម្ម និងសិប្បកម្ម កំពុងដើរតួរយ៉ាងសំខាន់ក្នុងចំណោមវិស័យសំខាន់ផ្សេងៗទៀត សំរាប់ធ្វើការអភិវឌ្ឍន៍ និងបង្កើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ជាមួយនេះដែរ វិស័យកាត់ដេរ ក៏រួមចំណែកធ្វើឲ្យការអភិវឌ្ឍវិស័យឧស្សាហកម្មកម្មន្តសាល និងសិប្បកម្មរបស់ខេត្ត កាន់តែមានភាពចម្រុះ សម្បូរបែប ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងធ្វើឲ្យដំណើរការនៃការពង្រឹងសហគ្រាសធុនតូច និងមធ្យមរបស់ខេត្ត កាន់តែមានសន្ទុះ រីកចម្រើនទៅមុខថែមទៀត»។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថាវិស័យសិប្បកម្មដែលមានទុនក្រោម៣.០០០ដុល្លា រកំពុងដំណើរការចំនួន ១.៧៧៣ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មចំនួន ៣.៨៧៦ នាក់ ស្រី ១.៦៥៣នាក់។ សិប្បកម្មប្រពៃណីមានចំនួន ០៤ស្រុក គឺបាទី ព្រៃកប្បាស សំរោង និងស្រុកត្រាំកក់ ។ ផលិតហ៊ូល ផាមួង ក្រមាសូត្រ និងសារ៉ុងសូត្រ មានកីតម្បាញចំនួន ២.៤៨៥ កី ផលិតបានចំនួន ១០.៧៣៣ ក្បិន និងប្រើប្រាស់កម្លាំងពលកម្មចំនួន ៤.៦៦៥ នាក់ស្រី ២.៤៨៥ នាក់។
សូមបញ្ជាក់ថានៅទូទាំងខេត្តតាកែវមានសហគ្រាសគ្រឹះស្ថានវាយភណ្ឌកាត់ដេរនិងផលិតស្បែកជើងចំនួន ៤៩ ប្រើប្រាស់កម្លាំងកម្មករ និយោជិតសរុបចំនួន ៤៧.៤១៦ នាក់ ស្រី ៤០.២១៣នាក់ ។ សហគ្រាស គ្រឹះស្ថាន ក្រៅពីកាត់ដេរចំនួន ១៥០ ប្រើប្រាស់កម្លាំងកម្មករនិយោជិតចំនួន ១០.៣១១ នាក់ ស្រី ៧.១៥៤នាក់ ។ សហគ្រាស គ្រឹះស្ថាន បើកថ្មីវាយភណ្ឌផលិតស្បែកជើង និងកាត់ដេរ ក្រៅពីកាត់ដេរចំនួន ៤៦ សហគ្រាស ប្រើប្រាស់កម្លាំងកម្មករនិយោជិតចំនួន ១១.៦០៦នាក់ ស្រី ៩.៨៥៤នាក់ ៕