មុខរបរចិញ្ចឹមអន្ទង់ជួយបង្កើនប្រាក់ចំណូលល្អប្រសើរដល់ប្រជាពលរដ្ឋ

វិទ្យុជាតិកម្ពុជា : ស៊ឹង សុផារី 23.07.2020


Mc ៖ មុខរបរចិញ្ចឹមអន្ទង់ក្នុងខេត្តកំពង់ឆ្នាំងបានជួយឲ្យកសិករទទួលបានប្រាក់ចំណូលល្អប្រសើរ ដោយសារមានតម្រូវការទីផ្សារ និងមិនទាន់សូវមានការចិញ្ចឹមច្រើន ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…….
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា នៅខេត្តកំពង់ឆ្នាំងមានតែកសិដ្ឋានចិញ្ចឹមអន្ទង់មួយកន្លែងប៉ុណ្ណោះ ដែលកំពុងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។
លោកបន្តថា បច្ចុប្បន្ននេះអន្ទង់កំពុងមានទីផ្សារល្អ ដោយកសិដ្ឋានបានផ្តល់ចំណីបែបធម្មជាតិ ដែលធ្វើឲ្យតម្លៃនិងរសជាតិរបស់អន្ទង់ ប្រហាក់ប្រហែលនឹងអន្ទង់ធម្មជាតិដែរ ។
សំឡេង៖ « និយាយរួមការចិញ្ចឹមអន្ទង់នៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះ ទីមួយគឺបានផ្ដល់អត្ថប្រយោជន៍គឺទីផ្សាររបស់គាត់គឺល្អ ទី 2 ពាក់ព័ន្ធទៅនឹងការឲ្យចំណីគឺគាត់ឲ្យចំណីពាក់ព័ន្ធទៅនិងចំណីធម្មជាតិ គឺគាត់ប្រមូលទិញត្រីយកមកកិន ត្រីសមុទ្រហើយនៅត្រីនៅក្នុងខេត្តនេះដែលនៅសេសសល់ ដើម្បីធ្វើជាចំណីសម្រាប់អន្ទង់ទាំងនេះ »។
លោក ថូ វណ្ណា ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់ នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានចាប់យកមុខរបរចិញ្ចឹមអន្ទង់អស់រយះពេល១០ឆ្នាំមកហើយ ដែលអាចបំពេញតម្រូវទីផ្សារ ជួយសម្រួលដល់ជីវភាពរស់នៅ ជាពិសេសបង្កើនស្បៀងក្នុងខ្សែចង្វាក់ផលិតកម្មវិស័យកសិកម្ម ។
លោកបានប្រមូលទិញកូនពូជអន្ទង់ធម្មជាតិពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នសាច់ដោយប្រើចំណីផ្សំក្នុងរយះពេល ៦-៧ខែទើបអាចលក់បាន ម្យ៉ាងនៅពេលដែលមានតម្រូវការទីផ្សារមានតម្លៃខ្ពស់ កសិដ្ឋានអាចលក់បន្តិចម្តងៗ តាមការបញ្ជារទិញរបស់អតិថិជនជាក់ស្តែងទាំងក្នុងខេត្តនិងបណ្តាខេត្តដទៃផងដែរ ។
លោកបានផ្តល់បទពិសោធន៍ថា ការចិញ្ចឹមអន្ទង់ឱ្យទទួលបានផលល្អ គួរយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើការចិញ្ចឹម និងផ្តោតសំខាន់ទៅលើបច្ចេកទេសថ្មីៗ ទើបអាចទទួលបានលទ្ធផលល្អប្រសើរ ។
សំឡេង ៖ «បើសិនជាបងប្អូនទាំងអស់ដែលខិតខំចិញ្ចឹមយកចិត្តទុកដាក់ស្វែងយល់អញ្ចឹងការចិញ្ចឹមអន្ទង់នេះគឺវាផ្ដល់អត្ថប្រយោជន៍ច្រើនណាស់វាមានតែភាពជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ »។
សូមបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមអន្ទង់របស់លោក ថូ វណ្ណា មានអាងចិញ្ចឹមចំនួន៣៥អាង ចែកចេញជាអាងបំប៉នយកសាច់ចំនួន២៥អាង និង អាងថែទាំកូនពូជចំនួន១០អាង ដោយនៅក្នុងអាងនីមួយៗដាក់កូនពូជចិញ្ចឹមចំនួន១៥០គីឡូក្រាម ស្មើនិង១៥០០ក្បាល-២០០០ក្បាល/១អាង ដែលអាចប្រមូលផលពីការចិញ្ចឹមអន្ទង់ក្នុងមួយឆ្នាំប្រមាណ៥តោន ៕