ប្រធានគណៈកម្មការបោះឆ្នោតស៊ីរីប៉ាន់ស្មានជាផ្លូវការ នូវចំនួនអ្នកទៅបោះឆ្នោតនៅសភាមាន ត្រឹម ៣៣ភាគរយ

AKP ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០​ — ប្រធានគណៈកម្មាធិការវិនិច្ឆ័យជាន់ខ្ពស់សម្រាប់ការបោះឆ្នោតស៊ីរី លោក Samer Zumriq ត្រូវបានដកស្រង់សំដីដោយទូរទស្សន៍ Al-Ekhbariya ថា ចំនួនអ្នកបោះឆ្នោតជ្រើសរើសសមាជិកសភានៅក្នុងប្រទេសស៊ីរីមានចំនួនត្រឹម ៣៣ភាគរយប៉ុណ្ណោះ។

មន្រ្តីរូបនេះបាននិយាយថា «ចំនួនអ្នកចេញទៅបោះឆ្នោតមានចំនួនត្រឹម ៣៣ភាគរយនៃប្រជាជនជាង ៦លាននាក់ដែលមានសិទ្ធិបោះឆ្នោត»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រជាជនរបស់ប្រទេសស៊ីរី ឬសភាជាតិស៊ីរីនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកក្កដា ក្រោមប្រព័ន្ធពហុបក្សផ្អែកលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញដែលត្រូវបានអនុម័តនៅឯ ការធ្វើប្រជាមតិកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ ។ បេក្ខជនចំនួន ១.៦៥៦នាក់ ដោយក្នុងនោះមានស្ត្រីចំនួន ២០០នាក់បានចូលរួមប្រកួតប្រជែងដណ្តើមយកអាសនៈចំនួន ២៥០ នៅក្នុងសភា។

ប្លុកសាមគ្គីភាពជាតិដែលដឹកនាំដោយគណបក្សសង្គមនិយមអារ៉ាប់របស់ប្រធានាធិបតី លោក បាសារអាសាដ បានទទួលអាសនៈភាគច្រើននៅក្នុងសភា។

ការប្រកាសលទ្ធផលត្រូវបានពន្យារពេល ដោយរង់ចាំការបោះឆ្នោតឡើងវិញនៅស្ថានីយបោះឆ្នោតនៅAleppo និង Deir ez-Zor ដែលសន្លឹកឆ្នោតបន្ថែមត្រូវបានរកឃើញនៅក្នុងប្រអប់ឆ្នោតជាច្រើន៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)