មន្ទីរសុខាភិបាលទីក្រុងមូស្គូបដិសេធការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — គេហទំព័ររបស់មន្ទីរសុខាភិបាលទីក្រុងមូស្គូបាននិយាយថា ព័ត៌មានអំពីការកើនឡើងនូវហេតុការឆ្លងមេរោគកូរ៉ូណាវីរុសនៅទីក្រុងមូស្គូ ក៏ដូចជារបាយការណ៍នៃរលកទីពីរនៃការឆ្លងនោះ គឺជាការភ័ន្តច្រឡំ។

នៅពេលមុននេះ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានលេចចេញថា ការវិនិច្ឆ័យដោយទិន្នន័យមរណភាពរបស់អ្នកជំងឺកូវីដ-១៩ កំណើននៃការឆ្លងត្រូវបានចុះបញ្ជីនៅទីក្រុងមូស្គូកាលពីថ្ងៃទី៦ ខែមិថុនា ហើយរលកនៃការឆ្លងលើកទី២ ត្រូវបានគេរំពឹងទុក។

សេចក្តីថ្លែងការណ៍មួយបាននិយាយថា «ទាក់ទងនឹងការចុះផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននេះ មន្ទីរសុខាភិបាលទីក្រុងមូស្គូបានចេញការបដិសេធជាផ្លូវការហើយ។ ព័ត៌មានអំពីចំនួនអ្នកស្លាប់ គឺមិនត្រឹមត្រូវទេ ដូច្នេះព័ត៌មានដែលរំពឹងថា នឹងមានការកើនឡើងនៃការឆ្លងថ្មី ក៏មិនត្រឹមត្រូវដែរ»។

យោងតាមមជ្ឈមណ្ឌលវិបត្តិប្រឆាំងនឹងរោគឆ្លងកូរ៉ូណាវីរុសនៃទីក្រុងមូស្គូបានឱ្យដឹងថា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៤ ខែមិថុនា មានការថយចុះជាប្រចាំនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា​ បន្ថែមពីលើនេះ ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៤ ខែមិថុនា ចំនួននៃការឆ្លងបានថយចុះច្រើនជាងពីរដង ខណៈដែលកម្រិតនៃការកើនឡើងក្នុងខែមិថុនាមានតម្លៃអវិជ្ជមានជាប់លាប់ មានន័យថា វាមានការថយចុះបន្តិចម្តងៗ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)