ចក្រភពអង់គ្លេសបោះបង់ចោលក្តីសង្ឃឹមក្នុងការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកនៅចុងឆ្នាំ ២០២០ នេះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — ឥឡូវនេះ ចក្រភពអង់គ្លេសបានឈានចូលដំណាក់កាលអន្តរកាលមួយបន្ទាប់ពីការចាកចេញរបស់ខ្លួនពីសហភាពអឺរ៉ុប ដែលក្នុងអំឡុងពេលនោះគេរំពឹងថា នឹងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយប្លុកនេះ។ ទីក្រុងឡុងដ៏ត្រូវបានគេរំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងដាច់ដោយឡែកមួយជាមួយសហរដ្ឋអាមេរិក បើទោះបីជាយោងតាមលេខាធិការពាណិជ្ជកម្មអង់គ្លេស លោកស្រី Liz Truss ដែលថា ពេលវេលាកំណត់សម្រាប់រឿងនេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេក៏ដោយ។

យោងតាមកាសែត Financial Times ដែលបានដកស្រង់សំដីរបស់មន្ត្រីរដ្ឋាភិបាលអង់គ្លេសដែលបានដឹងអំពីបញ្ហានេះដែលបាននិយាយថា វាមិនមានឱកាសទេ ដែលថា រដ្ឋាភិបាលអង់គ្លេសនឹងធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមុនពេលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ឬសូម្បីតែនៅចុងឆ្នាំ ២០២០ ។

«តើវានឹងកើតឡើងនៅឆ្នាំនេះទេ? តាមពិត! គ្មានទេ» ប្រភពនេះត្រូវបានគេដកស្រង់សម្តីខណៈនិយាយថា ការភ្ជាប់នៃការពន្យារពេលនេះ គឺទាក់ទងទៅនឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។

ទីក្រុងឡុងដ៍ និងទីក្រុងវ៉ាស៊ីនតោន បាននឹងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មដាច់ដោយឡែកមួយចាប់តាំងពីដើមឆ្នាំនេះ បន្ទាប់ពីការចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប។ ចក្រភពអង់គ្លេសមិនបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីណាមួយអស់រយៈពេល ៤០ឆ្នាំមកហើយ ខណៈដែលស្ថិតក្នុងប្លុកនេះ ហើយប្រទេសនេះកំពុងជួបការលំបាកក្នុងការចរចាមួយជាមួយដៃគូណាតូ របស់ខ្លួន ចំពេលដែលកំពុងមានការខ្វែងគំនិតគ្នាអំពីស្តង់ដារម្ហូបអាហារ និងអនុញ្ញាតឱ្យផលិតផលកសិកម្មរបស់អាម៉េរិកចូលទៅក្នុងចក្រភពអង់គ្លេស។

កាលពីប៉ុន្មានសប្តាហ៍មុន លេខាធិការពាណិជ្ជកម្មអន្តរជាតិអង់គ្លេស លោកស្រី Liz Truss បានទទូចថា ទីក្រុងឡុងដ៍មិនទាន់ត្រៀមខ្លួនរួចជាស្រេចនៅឡើយទេ ដើម្បីដើរចេញពីស្តង់ដារសុវត្ថិភាពចំណីអាហាររបស់ចក្រភពអង់គ្លេសដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយដៃគូសហរដ្ឋអាមេរិករបស់ខ្លួន៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)