ប្រទេសកូរ៉េខាងជើងមិនបានសងប្រាក់កម្ចីចំនួន ៤០លានដុល្លារអាមេរិក ជាមួយទីភ្នាក់ងារកសិកម្មរបស់អង្គការសហប្រជាជាតិទេ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — ទីភ្នាក់ងារអភិវឌ្ឍន៍កសិកម្មរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីពេលថ្មីៗនេះថា ប្រទេសកូរ៉េខាងជើងមិនបានសងប្រាក់កម្ចីដែលមានចំនួន ៣៩,៩៥លានដុល្លារអាមេរិក ដែលជំពាក់ទីភ្នាក់ងារនេះអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) បាននិយាយថា ប្រទេសកូរ៉េខាងជើងបានសងសំណងត្រឹមតែ ១០,៥៤លានដុល្លារអាមេរិកប៉ុណ្ណោះ នៅក្នុងចំនួនសរុប ៥០,៤៩ លានដុល្លារអាមេរិកដែលខ្លួនបានខ្ចីពីទីភ្នាក់ងារនេះ។

ទីភ្នាក់ងារ IFAD គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងកាត់បន្ថយភាពក្រីក្រ និងកង្វះខាតស្បៀងអាហារតាមជនបទ ដោយផ្តល់ប្រាក់កម្ចីដល់ប្រទេសកំពុងអភិវឌ្ឍន៍    នានា។ វាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៧៧ បន្ទាប់ពីមានវិបត្តិស្បៀងអាហារពិភពលោកនៅដើមទសវត្សរ៍ ១៩៧០ ។

ទីភ្នាក់ងារនេះបានផ្តល់ប្រាក់កម្ចីដល់កូរ៉េខាងជើងដើម្បីគាំទ្រដល់កម្មវិធីប្រាក់កម្ចីសម្រាប់គ្រួសារ និងបុគ្គល ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០០៨ ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូលកាលពីឆ្នាំមុន ប្រធានទីភ្នាក់ងារ IFAD លោក Gilbert Houngbo បាននិយាយថា ទីភ្នាក់ងារនេះបានទទួលលិខិតមួយពីប្រទេសកូរ៉េខាងជើងកាលពីពីរបីឆ្នាំមុន ដោយបាននិយាយថា ខ្លួនបានត្រៀមរួចរាល់ក្នុងការបង់ប្រាក់ចំនួននេះ ប៉ុន្តែការដាក់ទណ្ឌកម្មបានរារាំងដល់ IFAD ពីការប្រមូលវិញនូវប្រាក់កម្ចីនេះ។

គេហទំព័ររបស់ខ្លួនបាននិយាយថា បច្ចុប្បន្ននេះ ទីភ្នាក់ងារ IFAD មិនមានប្រតិបត្តិការសកម្មនៅកូរ៉េខាងជើងទេ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)