កូរ៉េខាងត្បូងច្រានចោលសំណើរបស់ UNC ក្នុងការធ្វើពិធីប្រចាំឆ្នាំនៅ Panmunjom

AKP ភ្នំពេញ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០២០​ — មន្រ្តីនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានច្រានចោលសំណើរបស់បញ្ជាការអង្គការសហប្រជាជាតិ (UNC) ក្នុងការធ្វើពិធីប្រចាំឆ្នាំនៅលើតំបន់ព្រំដែនអន្តរកូរ៉េ ដោយសារតែមានការព្រួយបារម្ភអំពីមេរោគកូរ៉ូណាវីរុស និងភាពតានតឹងអន្តរកូរ៉េ។

ការកត់សម្គាល់នេះធ្វើឡើងបន្ទាប់ពីកាសែតក្នុងស្រុកមួយបានរាយការណ៍ថា ក្រសួងនេះបានច្រានចោលសំណើរបស់អង្គការសហប្រជាជាតិ ដើម្បីរៀបចំពិធីប្រចាំឆ្នាំនៅឯផ្ទះសេរីភាពស្ថិតក្នុងភូមិព្រំដែន Panmunjom ដើម្បីប្រារព្ធខួបលើកទី៦៧ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់សង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣ ។

មន្ត្រីរូបនោះបាននិយាយថា យើងបានច្រានចោលវាបន្ទាប់ពីបានពិចារណាយ៉ាងទូលំទូលាយអំពីស្ថានភាពជំងឺឆ្លង និងទំនាក់ទំនងអន្តរកូរ៉េនាពេលថ្មីៗនេះ។

លោកបានចង្អុលបង្ហាញថា ក្រសួងមិនយល់ព្រមចំពោះពិធីនេះទេ «សម្រាប់ហេតុផល គឺស្រដៀងទៅនឹងមូលហេតុដែលនាំឱ្យការបន្តកម្មវិធីដំណើរកម្សាន្តទៅកាន់ភូមិបទឈប់បាញ់អន្តរទ្វីបកូរ៉េ Panmunjom ត្រូវពន្យារពេលដែរ»។

ដោយបញ្ជាក់អំពីការបដិសេធរបស់រដ្ឋាភិបាលចំពោះសំណើរបស់ខ្លួន UNC បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចធ្វើជាម្ចាស់ផ្ទះ​ ក្នុងពិធីនេះនៅទីតាំងមួយផ្សេងក្នុងភូមិ Panmunjom ដោយបាននិយាយបន្ថែមថា ពិធីប្រារព្ធខួបមួយនេះបានកើតឡើងអស់រយៈពេលជាង ៦០ឆ្នាំមកហើយនៅឯភូមិនៃបទឈប់បាញ់គ្នាមួយនេះ៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)