ឥណ្ឌូណេស៊ី និងអង់គ្លេសនឹងបញ្ចប់ការត្រួតពិនិត្យពាណិជ្ជកម្មរួមគ្នានៅខែធ្នូនេះ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — មន្រ្តីឥណ្ឌូណេស៊ីបាននិយាយថា ឥណ្ឌូណេស៊ី និងចក្រភពអង់គ្លេសបានព្រមព្រៀងគ្នាបញ្ចប់ការត្រួតពិនិត្យពាណិជ្ជកម្មរួមគ្នា (JTR) នៅក្នុងខែធ្នូខាងមុខនេះ ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ការព្រមព្រៀងនេះបានលេចចេញជារូបរាងនៅក្នុងកិច្ចប្រជុំនិម្មិត្តរវាងប្រទេសទាំងពីរ ដែលបានធ្វើឡើងកាលពីថ្ងៃទី ២០ – ២១ ខែកក្កដា។

លោក Iman Pambagyo អគ្គនាយកទទួលបន្ទុកកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបាននិយាយថា កិច្ចប្រជុំនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសទាំងពីរក្នុងការកែលម្អទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ។

លោក Pambagyo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជំងឺរាតត្បាត និងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលមិនប្រាកដប្រជាកំពុងជំរុញឱ្យប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជម្នះឧបសគ្គនានា ខណៈដែលកំពុងត្រៀមខ្លួនសម្រាប់ភាពជាដៃគូយូរអង្វែង។

កាលពីឆ្នាំមុន រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើល័ក្ខខ័ណ្ឌយោងរបស់ JTR ។ ប្រទេសទាំងពីរដែលជាប្រទេសមានសេដ្ឋកិច្ចធំ និងជាសមាជិកនៃក្រុមប្រទេស G20 មានឱកាសបន្ត និងអភិវឌ្ឍន៍ចំណងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំបន្ថែមទៀត។

មន្ត្រីរូបនោះបានកត់សម្គាល់ថា JTR គឺជាកិច្ចសហការរវាងឥណ្ឌូណេស៊ី និងចក្រភពអង់គ្លេស ដើម្បីវាយតម្លៃស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរបស់ពួកគេ ហើយស្វែងរក     ឱកាសដែលអាចធ្វើបានដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ពេលអនាគត។ ការពិនិត្យឡើងវិញនេះនឹងបង្កើតរបាយការណ៍រួមមួយ រួមទាំងអនុសាសន៍សម្រាប់រដ្ឋាភិបាលទាំងពីរផងដែរ។

លោក Pambagyo បាននិយាយថា ចក្រភពអង់គ្លេសស្ថិតនៅចំណាត់ថ្នាក់ទី២២ ក្នុងចំណោមប្រទេសគោលដៅនាំចេញរបស់ឥណ្ឌូណេស៊ី និងលំដាប់ទី២៣ ក្នុងចំណោមប្រទេសនាំចូលរបស់ខ្លួន។ ពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនមានតម្លៃ ២,៤ប៊ីលានដុល្លារអាមេរិក ដោយក្នុងនោះការនាំចេញរបស់ឥណ្ឌូណេស៊ីទៅកាន់ចក្រភពអង់គ្លេសមានចំនួន ១,៤ប៊ីលានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះដែរ ការវិនិយោគរបស់ចក្រភពអង់គ្លេសនៅឥណ្ឌូណេស៊ីមានចំនួនសរុប ៨៧,៦លានដុល្លារអាមេរិក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)