គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន២០ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាត ឲ្យសាកល្បងបើកដំណើរការឡើងវិញ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៣ កក្ដដា ២០២០


MC គ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ចំនួន២០ ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឲ្យសាកល្បងបើកដំណើរការឡើងវិញ ដោយអនុវត្តតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការWHO។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖……………………………
ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ឲ្យក្រសួងអប់រំ យុវជន និងកីឡា សាកល្បងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ ក្នុងកំឡុងខែសីហា ឆ្នាំ២០២០ ដែលជាគ្រឹះស្ថានសិក្សាឯកជនមានស្តង់ដាខ្ពស់ ចំនួន ២០ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងបាត់ដំបង។ឯកឧត្តម បានបន្តថា ដើម្បីឈានទៅដល់ការ សាកល្បងបើកដំណើរការឡើងវិញ គ្រឹះស្ថានសិក្សាឯកជនទាំង២០ គោរពតាមគោលការណ៍តម្រូវចំនួន៦ចំណុច។
សម្លេង: “១. ការរៀបចំបរិស្ថានសាលា អគារសិក្សា និងការរៀបចំថ្នាក់រៀន (ចំនួនសិស្សក្នុងថ្នាក់រៀនដែលគោរពបាននូវគម្លាតសុវត្ថិភាព) ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ជាពិសេសគ្រឹះស្ថានសិក្សាត្រូវបាញ់ថ្នាំសម្លាប់មេរោគជាទៀងទាត់ និងត្រូវបំពាក់ឧបករណ៍សម្រាប់សម្លាប់មេរោគតាមស្តង់ដា។ ២. គ្រូបង្រៀន សិស្ស និងបុគ្គលិកគ្រឹះស្ថានសិក្សាត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ មុនដំណើរការសាលា។ ៣. ក្នុងករណីគ្រឹះស្ថានសិក្សាទាំងនេះមានការធ្វេសប្រហែស ឬល្មើសនឹងអនុស្សរណៈយោគយល់គ្នា គ្រឹះស្ថានសិក្សាទាំងនោះនឹងត្រូវទទួលការព្រមាន និងឈានទៅផ្អាកដំណើរការបណ្តោះអាសន្ន។ ៤. គ្រឹះស្ថានសិក្សាទាំងនេះត្រូវបន្តអនុវត្តនូវវិធីសាស្ត្រសិក្សាតាមបែបចម្រុះគឺ ការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក រួមជាមួយនឹងការសិក្សានៅក្នុងថ្នាក់រៀន ព្រមទាំងគោរពនូវពិធីសារសុវត្ថិភាពសុខភាពសិក្សា។៥. ក្រសួងនឹងចេញគោលការណ៍ណែនាំស្តីពី លក្ខខណ្ឌតម្រូវនៃការលើកកម្ពស់សុខភាពសិក្សាក្នុងបរិបទកូវីដជាមូលដ្ឋានគោលសម្រាប់ការរៀបចំពិធីសារសុវត្ថិភាពសុខភាពសិក្សារបស់គ្រឹះស្ថានសិក្សា។ ៦. គ្រឹះស្ថានសិក្សាត្រូវអនុវត្តវិធានការតម្រូវនានា។”
ឯកឧត្តម បានបញ្ជាក់ថា ផ្អែកតាមបទពិសាធន៍ និងការវាយតម្លៃការអនុវត្តដំណាក់កាលទី១ ទើបក្រសួងអប់រំ យុវជន និងកីឡាអាចកំណត់បាន នូវជំហ៊ានបន្តបន្ទាប់សម្រាប់ដំណាក់កាលទី២ និងដំណាក់កាលទី៣៕