កសិករខេត្តកោះកុងបង្កើនការដាំដំណាំរួមផ្សំបន្ថែមលើមុខបរបរនេសាទសមុទ្រ

វិទ្យុជាតិកម្ពុជា៖ ស្រីផល 23,07,2020


MC៖ កសិករខេត្តកោះកុងបង្កើនការដាំដំណាំរួមផ្សំបន្ថែមលើមុខបរបរនេសាទសមុទ្រ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើងមួយកំរិតទៀត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម………….
លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ប្រជាកសិករខេត្តកោះកុង បានងាកមកដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីផ្គត់ផ្គង់នៅក្នុងគ្រួសារប្រចាំថ្ងៃ ក៏ដូចជាផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។
លោកបានបន្តថា បច្ចុប្បន្ន ប្រជាកសិករនៅក្នុងខេត្ត ចាប់ផ្តើមដាំបន្លែក្នុងមួយគ្រួសារៗ លើផ្ទៃដី៥០០ម៉ែត្រការ៉េ ទៅ១០០០ម៉ែត្រការ៉េ ហើយបន្លែទាំងអស់នោះរួមមាន ៖ ស្ពៃ ត្រសក់ ត្រប់ សណ្តែកគួ សណ្តែកដី និងបន្លែស្លឹកមួយចំនួនទៀត ។ លោកបានបញ្ជាក់ថា កសិករនៅក្នុងតំបន់នោះអាចលក់បន្លែបាន ក្នុងតម្លៃ២០០០ទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម។
សំឡេង៖ «កសិករយើងរាល់ថ្ងៃនេះចាប់អារម្មណ៍ច្រើនទៅលើដំណាំដាំដុះជាលក្ខណៈបន្លែបង្ការ។ កសិករនៅតាមបណ្ដាភូមិឃុំតាមស្រុកនីមួយៗនៅក្នុងខេត្ត គាត់មានចំណាប់អារម្មណ៍ចូលរួមជាមួយខាងកសិកម្មច្រើន ហើយការងារនេះបើចូលរួមគ្នាជាមួយខាងបច្ចេកទេសជាមួយកសិករ យើងឃើញថា ដំណើរការបានល្អ។ រាល់ថ្ងៃនេះយើងជួយគ្នា ហើយគាត់ក៏មានចំណូលសម្រាប់បង្កើនជីវភាពទៅលើការរស់នៅរបស់គាត់ ហើយយើងក៏មានការសប្បាយចិត្តនឹងឃើញប្រជាកសិករយើងមានចំណង់ចំណូលចិត្ត ហើយទទួលបានផលគឺយើងចូលរួមអបអរទាំងអស់គ្នា »។
លោកបានបន្តទៀតថា បើទោះបីការផ្គត់ផ្គង់ក្នុងខេត្តបានគ្រប់គ្រាន់ ក៏មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះណែនាំ និងជំរុញដល់ប្រជាកសិករឲ្យបង្កើនការដាំដុះបន្ថែមទៀត៕