ចិន នឹងវៀតណាមបើកកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃអង្គារ កិច្ចប្រជុំលើកទី១២ នៃគណៈកម្មាធិការដឹកនាំចិន – វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានធ្វើឡើងតាមរយៈតំណភ្ជាប់វីដេអូ។

ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Wang Yi បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។

លោក Wang បាននិយាយថា ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩មក ប្រទេសចិន នឹងវៀតណាមបានបំពេញតួនាទីយ៉ាងពេញលេញទៅតាមគុណសម្បត្តិរបស់ស្ថាប័នរៀងៗខ្លួន ហើយបានគ្រប់គ្រងការរាតត្បាតនេះប្រកបដោយប្រសិទ្ធភាព។

លោកបាននិយាយថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាង ១៨ភាគរយបើប្រៀបធៀបទៅនឹងនិន្នាការនៅឆមាសទីមួយនៃឆ្នាំនេះ ដែលជាការបង្ហាញអំពីទំហំធំ និងគុណសម្បត្តិបន្ថែមសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។

សម្រាប់ភាគីវៀតណាមវិញ លោក Pham បាននិយាយជាវិជ្ជមានអំពីការវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នឹងបានបង្ហាញនូវទំនុកចិត្តទៅលើទស្សនវិស័យអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងវៀតណាម – ចិន។

ភាគីទាំងពីរបានឯកភាពគ្នាប្រារព្ធពិធីខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ដែលជាឱកាសមួយដើម្បីបន្តពង្រឹងទំនាក់ទំនងយុទ្ធសាស្រ្ត និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាវិធានការប្រឆាំងនឹងជំងឺរាតត្បាតជាដើម៕

(ប្រភព Xinhua បកប្រែដោយលោក យា ចិន្តាខន្តី)