ប្រទេសថៃត្រៀមទទួលតំណែងជាប្រធាន APEC ឆ្នាំ ២០២២

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០​ — កាលពីថ្ងៃទី២២ ខែកក្កដា កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៃក្រុមប្រទេសសំខាន់ (AFG) ជាលើកដំបូង ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាប្រធាន APEC នៅឆ្នាំ ២០២២ ។

កិច្ចប្រជុំនេះបានផ្តោតសំខាន់ទៅលើការពិភាក្សារបស់ខ្លួនអំពីការធ្វើបែបឌីជីថល បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិភពលោក និងភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។

យោងតាមលោក Cherdchai Chaivaivid អគ្គនាយកនៃនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចអន្តរជាតិថៃ បានឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ សមាជិក AFG បានឯកភាពគ្នាថា ពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមនានាដែលរួមមានការសម្របខ្លួនទៅនឹង «សភាពការណ៍ធម្មតាថ្មី» និងបរិស្ថានពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងស្ថានភាពសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺន ដែលកើតឡើងដោយការបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន។

លោកបាននិយាយថា មានលទ្ធភាពដែលអាចកើតមានឡើងនូវការប្រកួតប្រជែងភូមិសាស្ត្រ បច្ចេកវិទ្យា «លទ្ធិជាតិនិយមថ្មី» នឹងកើនឡើង ហើយវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ-១៩ ក៏នឹងកើតឡើងដែរ។

លោក Cherdchai បាននិយាយបន្ថែមថា កិច្ចប្រជុំ AFG ក៏បានពិភាក្សាផងដែរអំពីវិធីដើម្បីទាញយកការធ្វើបែបឌីជីថល ខណៈដែលការគ្រប់គ្រងបញ្ហាប្រឈមដែលបង្កឡើងដោយបច្ចេកវិទ្យារំខាន។ ក្រុមនេះបានកត់សម្គាល់អំពីភាពចាំបាច់ដើម្បីធានាថា ប្រជាជន និងសង្គម គឺត្រៀមខ្លួនជាស្រេចនាពេលអនាគត។

រោគរាតត្បាតបានជួយពន្លឿនការធ្វើការបែបបឌីជីថល និងការស្រូបយកបច្ចេកវិទ្យាឌីជីថល។ លោកបាននិយាយថា ការអភិវឌ្ឍសេដ្ឋកិច្ចដូចជាប្រទេសថៃគួរតែបន្តចូលរួម និងជាផ្នែកមួយនៃដំណើរការបង្កើតច្បាប់ដែលនឹងគ្រប់គ្រងសេដ្ឋកិច្ចឌីជីថលនាពេលអនាគត។

APEC គឺជាប្លុកសេដ្ឋកិច្ចក្នុងតំបន់ធំជាងគេបំផុតនៅលើពិភពលោកដែលតំណាងឱ្យ ៦០ភាគរយនៃ GDP របស់ពិភពលោកនៅក្នុងឆ្នាំ ២០១៨ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)