ក្រសួងកសិកម្ម បញ្ជាក់ពីការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យា ក្រោយពេលប្រមូលផល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០–

នាថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម មានរៀបចំកិច្ចជំនួបពិភាក្សាជាមួយក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចជំនួបនេះ គឺដើម្បីឈ្វេងយល់ពីស្ថានភាពបច្ចុប្បន្ន នៅក្នុងវិស័យកសិកម្ម និងកាលានុវត្តភាព ក្នុងការសិក្សាស្រាវជ្រាវនូវបច្ចេកវិទ្យាកែច្នៃធាតុចូលកសិកម្ម និងបច្ចេកវិទ្យាក្រោយពេលប្រមូលផល ក្នុងការជំរុញផលិតកម្មកសិកម្ម ប្រកបដោយភាពប្រកួតប្រជែង និងធានានូវនិរន្តរភាព។

ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះប្រតិភូ ដែលជាក្រុមអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ដែលបានចាប់អារម្មណ៍ផ្នែកកសិកម្ម ហើយក្រសួងក៏ទទួលស្វាគមន៍ចំពោះគំនិតថ្មីៗ សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍន៍នៅក្នុងវិស័យកសិកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជា បានឆ្លងផុតពីប្រទេសខ្វះស្បៀងមកជាប្រទេសដែលមានស្បៀងហូបគ្រប់គ្រាន់ នឹងកំពុងជំរុញការនាំចេញនូវផលិតផលស្បៀង និងផលិត ផលកសិកម្មជាច្រើនទៀតផងដែរ។

ដោយឡែកវិស័យកសិកម្មនៅកម្ពុជា ក៏នៅជួបបញ្ហាប្រឈមជាច្រើន ដូចជាលទ្ធភាពស្រោចស្រព វត្ថុធាតុដើមដែលជាធាតុចូលកសិកម្ម (ការកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងការប្រើប្រាស់គ្រឿងយន្ត នៅមានកម្រិត) និងបច្ចេកវិទ្យាក្រោយពេលប្រមូលក៏នៅមានកម្រិតផងដែរ។ ដូចនេះវិស័យកសិកម្មនៅកម្ពុជា មានតម្រូវការ វិនិយោគផ្នែកកម្មន្តសាលកសិកម្ម ដូចជារោចក្រកែច្នៃជី ថ្នាំកសិកម្ម ចំណីសត្វ និងរោងចក្រ ដំឡើងគ្រឿងយន្តកសិកម្ម ដើម្បីកាត់បន្ថយចំណាយថ្លៃដើមឱ្យនៅកម្រិតអប្បបរមា ព្រមទាំងរោងចក្រកែច្នៃផលិតផលកសិកម្ម ក្រោយពេលប្រមូលផលដើម្បីបង្កើនតម្លៃបន្ថែម។

លោកបណ្ឌិត ហេង ប៊ុនអ៊ី ជាអ្នកស្រាវជ្រាវផ្នែកបច្ចេកវិទ្យា បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យលោក និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោកបណ្ឌិតបានបន្តថា លោកធ្លាប់បានធ្វើការស្រាវជ្រាវពីប្រភេទឡ សម្ងួត និងឡដុតសំរាម ដោយបានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ដោយពិនិត្យ ឃើញពីកាលានុវត្តភាពក្នុងវិស័យកសិកម្មនៅកម្ពុជា លោកបណ្ឌិត មានគម្រោងចង់សហការជាមួយក្រសួង ក្នុងការស្រាវជ្រាវពីប្រភេទឡសម្ងួតខ្នាតតូច ដើម្បីជួយដល់កសិករខ្នាតតូច ឬសហគមន៍កសិកម្ម សម្រាប់ការសម្ងួតស្រូវ ឬផលិតផលកសិកម្មដទៃទៀត។

លោកបណ្ឌិត ក៏បានធ្វើការពិសោធន៍ស្រាវជ្រាវនូវប្រភេទទឹក ដែលមានសារជាតិអ៊ីយ៉ុងម្យ៉ាងដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ ដែលទឹកនេះអាចជួយបម្រើដល់ផ្នែកផលិតកម្មដំណាំកសិកម្ម ការចិញ្ចឹមសត្វ និងវារីវប្បកម្ម។ ឆ្លៀតក្នុងឱកាសនេះលោកបណ្ឌិត ក៏បានស្នើសុំក្រសួងចូលរួមសហការសិក្សាពិសោធន៍ពីការប្រើប្រាស់ភក់ នៅក្នុងបឹងទន្លេសាបសម្រាប់កែច្នៃ និងប្រើប្រាស់ជាជីកសិកម្មធម្មជាតិ។

ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការគាំទ្រនូវគំនិតនវានុវត្តន៍សម្រាប់ការស្រាវជ្រាវរកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងវិស័យកសិកម្ម។ ឯកឧត្តមរក៏បានណែនាំដល់ក្រុមអ្នកស្រាវជ្រាវ ឱ្យគិតគូរពីការស្រាវជ្រាវនូវបច្ចេកវិទ្យាកសិកម្ម ដែលឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃវិស័យកសិកម្ម និងជីវភាពរបស់កសិករនៅកម្ពុជា និងពិនិត្យមើលនូវដំណើរការវិវឌ្ឍន៍ថ្មីៗទៀតនាពេលខាងមុខ ៕ ដោយ៖ សេង សុវណ្ណនី.(ប្រភពៈក្រសួងកសិកម្ម)