ធនាគារអភិវឌ្ឍន៍ជនបទបន្តចុះផ្សព្វផ្សាយ កម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនៅខេត្តកំពង់ឆ្នំាង

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២២.០៧.២០២០


MC៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម បន្តចុះផ្សព្វផ្សាយ គោលការណ៍ឥណទាន ក្រោមកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារសហរដ្ឋមេរិក ដល់ប្រជាកសិករក្នុងខេត្តកំពង់ឆ្នាំងដើម្បីមានទុនសម្រាប់ពង្រីករបរកសិកម្ម។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម…………
ថ្លែងក្នុងពិធីផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមកម្មវិធីហិញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិកនៅក្នុងខេត្តកំពង់ឆ្នាំ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មានប្រសាសន៍ឲ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបន្តចុះបេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមកម្មវិធីហិញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ។
សំឡេង៖ «បន្លែផ្លែឈើយើងអាចខ្ចីបាន ចិញ្ចឹមសត្វក៏ខ្ចីបាន មានដូចជា ជ្រូក មាន់ ទា គោក្របី ដើម្បីមានលទ្ធចូលនៅក្នុងទីផ្សាររបស់យើង ហើយនឹងការធ្វើវារីប្បកម្ម ត្រី ចង្កែប បង្ករជាដើមដែលមានតម្រូវការទីផ្សារខ្ពស់»។
ឯកឧត្តមបន្តថា កម្មវិធីហិញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ មានគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជំរុញសហគមន៍កសិកម្ម ពង្រីកការដាំដុះឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ចូលទីផ្សារឲ្យបានជានិរន្តរ៍។ ប្រសិនបើប្រជាពលរដ្ឋណាមានតម្រូវការផ្នែកឥណទាន ដើម្បីយកទៅពង្រីកការដាំដុះ និងចិញ្ចឹមសត្វ អាចធ្វើការទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន៕