ក្រសួងព័ត៌មានស្នើអោយគ្រប់អ្នកសារព័តមានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មានស្ដីពីការរំលូតកូន

វីទ្យុជាតិកម្ពុជា៖ សេង សុផាន់ណា ថ្ងៃទី ២២ ខែកក្កដាឆ្នាំ ២០២០


MC៖ក្រសួងព័ត៌មានស្នើអោយគ្រប់អ្នកសារព័តមានត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្សព្វផ្សាយព័ត៌មានស្ដីពីការរំលូតដើម្បីការពារសិទ្ធិសេរីភាពរបស់បុគ្គល និងចូលរួមលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ។
ថ្លែងក្នុងពិធីបើកវគ្គសិក្ខាសាលា « បណ្តាញសារព័ត៌មាននិងការកសាងសមត្ថភាពដើម្បីកាត់បន្ថយការមាក់ងាយជុំវិញការរំលូតកូន» និងបណ្តុះបណ្តាល «ការឆ្លុះបញ្ចាំងពីទស្សនៈជុំវិញការរំលូតកូននៅក្នុងប្រទេស» លោកជំទាវ កុច នារតី ទីប្រឹក្សាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា បច្ចុប្បន្ន ដោយសារតែយុវវ័យជាច្រើនឆាប់ពេញវ័យបានធ្វើអោយពួកគេប្រឈមមុខនឹងការរួមភេទមុនពេលរៀបការ ឫ ស្រ្តីដែលមានកូនច្រើនហើយ គាត់មានកូនទៀតដោយមិនអាចប្រកបរបរចិញ្ចឹម ជីវិតដើម្បីជួយស្វាម៉ីទ្រទ្រង់ជីវភាពគ្រួសារបាន ពួកគាត់បានសម្រេចចិត្តធ្វើការរំលូត ដូច្នេះ ក្នុងនាមជាអ្នកសារព័ត៌មានគួរគប្បីជួយផ្តល់នូវប្រឹក្សាយោបល់ ឫ ជួយផ្សព្វផ្សាយនូវការរំលូតដោយសុវត្ថិភាព ដើម្បីអោយពួកគាត់មានសុវត្ថិភាពក្នុងការរំលូតកូន។
លោកជំទាវបន្ត ការផ្សព្វផ្សាយព័ត៌មានស្ដីពីការរំលូតកូនឲ្យស្ត្រីយល់ដឹងពីភាពខុសគ្នារវាងការរំលូតដោយសុវត្ថិភាព និងការរំលូតដោយគ្មានសុវត្ថិភាពនេះ អាចជួយសង្គ្រោះជីវិត និង ការពារសុខភាពបន្តពូជរបស់ពួកគាត់ផងដែរ។
សំឡេង« មានកូនក្រ៥ឆ្នាំ ហេតុអីបានក្រ៥ឆ្នាំ ពីព្រោះម្តាយនឹងត្រូវចំណាយពេលវេលាមើលថែកូន នៅជាមួយកូនទម្រាំតែកូននឹងរឹងពឹង អាចយកគេទៅរៀនបានទាល់តែ៥ ឆ្នាំ វាជារឿងពិតដែលថាមានកូនមួយក្រ៥ឆ្នាំគឺស្រ្តីរបស់យើងមានពេលវេលាទៅប្រកបរបរចិញ្ចឹមជីវិតដើម្បីជួយស្វាម៉ីទ្រទ្រង់ជីវភាពគ្រួសារ ដូច្នេះនៅពេលដែលគាត់មានកូនដែលគាត់មិនចងបានដោយចៃដន្យ ហើយក៏គាត់គិតថាមានកូនប្រុសហើយ គាត់អត់ចង់ទុកទៀតទេ គាត់ចងរំលូត ក្នុងនាមជាអ្នកសារព័ត៌មានជួយផ្តល់ជួយផ្សព្វផ្សាយនូវការរំលូតដោយសុវត្តិភាព»។
លោកជំទាវបានអំពាវនាវស្ត្រីគ្រប់រូបដែលសម្រេចចិត្តរំលូតកូន គួរតែស្វែងរកការប្រឹក្សាយោបល់ ជាមួយគ្រូពេទ្យឯកទេស ដើម្បីចៀសផុតពីការកើតមានបញ្ហាដែលស្មានមិនដល់ ដែលអាចបង្កឲ្យ ស្ត្រីបាត់បង់ជិវិតដោយសារតែការធ្វេសប្រហែសមួយពេល ។
សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី« បណ្តាញសារព័ត៌មាននិងការកសាងសមត្ថភាពដើម្បីកាត់បន្ថយការមាក់ងាយជុំវិញការរំលូតកូន» និងបណ្តុះបណ្តាល «ការឆ្លុះបញ្ចាំងពីទស្សនៈជុំវិញការរំលូតកូននៅក្នុងប្រទេស»នេះមានរយៈពេល៣ថ្ងៃ ដោយមានការចូលរួមពីក្រុមអ្នកសារព័ត៌មានជាច្រើនទំាងស្ថាប័នរដ្ឋ និងឯកជន៕