កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីជាមួយបណ្តាប្រទេសសម្របសម្រួល សំរាប់កិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣នាពេលខាងមុខ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ២២ ០៧ ២០២០


MC៖ កម្ពុជាត្រៀមរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីជាមួយបណ្តាប្រទេសសម្របសម្រួលបន្ថែមទៀត ដើម្បីឲ្យមានសកម្មភាពកាន់តែរស់រវើកក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣ ពិសេសការផ្តោតសំខាន់ទៅលើឯកសារលម្អិតនៃកិច្ចប្រជុំតែម្តង។
អ្នកយកព័ត៌មានយើងរាយការណ៍បន្ថែម…………..
ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM)លើកទី១៣ បានមានប្រសាសន៍ថារហូតមកដល់ពេលនេះកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចជិត១០០ភាគរយហើយក្នុងការស្វាគមន៍ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣នេះ។ ឯកឧត្តម បន្ថែមថាបើទោះបីកិច្ចប្រជុំកំពូលអាស៊ីអ៊ឺរ៉ុបលើកទី១៣ ត្រូវបានពន្យាពេលទៅពាក់កណ្តាលឆ្នាំ២០២១ក៏ពិតមែនប៉ុន្តែកម្ពុជា បានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី ជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំអាស៊ី-អឺរ៉ុប ទាំង៥៣ប្រទេសនិងដៃគូ ដើម្បីផ្តល់មតិយោបល់ និងរិះរកមធ្យោបាយធ្វើយ៉ាងណាដើម្បីស្តារសេដ្ឋកិច្ចក្រោយបញ្ចប់វិបត្តិកូវីដ១៩។
សំឡេង៖« ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ កម្ពុជាតែងតែធ្វើសកម្មភាពឲ្យមានភាពរស់រវើក យើងបានរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនៃប្រទេសសម្របសម្រួល និងម្ចាស់ផ្ទះបានពីរលើកមកហើយ បន្ទាប់មកឥឡូវយើងបានធ្វើនៅខែ៤ និងខែ៥ ហើយនៅខែ៧ហ្នឹង យើងបានធ្វើរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីASEM ទាំង៥៣ដៃគូតែម្តង ហើយទៅមុខទៀតនេះដូចខ្ញុំបញ្ជាក់ជូនអញ្ចឹង អាឡឺម៉ង់គាត់និងធ្វើកិច្ចប្រជុំលើកទី២របស់ឧត្តមមន្ត្រី ហើយកម្ពុជានិងធ្វើកិច្ចប្រជុំឧត្តមមន្ត្រីមួយទៀតដើម្បីពិភាក្សារលម្អិតទៅលើឯកសារដែលត្រូវចេញនៅពេលកិច្ចប្រជុំកំពូលតែម្តង ហើយប្រហែលយើងត្រូវរៀបចំកិច្ចប្រជុំប្រទេសសម្របសម្រួលរបស់ ASEM និងកម្ពុជាបន្ថែមទៀត ព្រោះឥឡូវនេះយើងកំពុងតែត្រៀមឯកសារមួយព្រោះ ឯកសារសេចក្ដីថ្លែងការណ៍របស់រដ្ឋមន្ដ្រីការបរទេសASEM ទាក់ទងនិងការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩នេះ ហើយឯកសារនេះយើងកំពុងតែចរចាខ្លឹមសារគ្នា អត់ទាន់សម្រេចទេ ប៉ុន្ដែនៅពាក្យពេជន៍ខ្លះមិនទាន់ឯកភាពគ្នា ធម្មតា៥៣ប្រទេស យើងពិបាកអញ្ចឹងនូវការតថ្លៃគ្នាក្នុងអត្ថបទនិង ប្រហែលជាយើងត្រូវរៀបចំកិច្ចជុំមួយដើម្បីឲ្យចេញឯកសារហ្នឹងន។
សូមបញ្ជក់ថា កម្ពុជាបានក្លាយជាសមាជិក នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្តឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣នេះ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបចំនួន ៥៣ប្រទេសនិងដៃគូ៕