រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាមតេឡេក្រាម

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ០៧ ២០២០

MC:  រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាមតេឡេក្រាម(Telegram) សំដៅទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ពីមនុស្សម្នាក់ទៅម្នាក់ទៀត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា វិធាននេះជាផ្នែកមួយនៃការធានាសុវត្ថិភាពពីការចម្លង ឬ ឆ្លងមេរោគកូវីដ១៩ដល់ភ្ញៀវទេសចរ ដែលនឹងទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺកូវីដ១៩រយៈពេល១ខែ និងការប្រកាសដាក់ឱ្យអនុវត្តប្រព័ន្ធចុះឈ្មោះភ្ញៀវទេសចរតាមតេឡេក្រាម ដែលធ្វើឡើងនៅគណៈកម្មការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី២២ ខែកក្កដានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា រាល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេសចូលទៅកាន់រមណីយដ្ឋាននានា ឬក៏ទៅទទួលយកសេវាសណ្ឋាគារ ផ្ទះស្នាក់ និងភោជនីយដ្ឋាននានា ក្រសួងបានតម្រូវឱ្យចុះឈ្មោះដោយភ្ជាប់ជាមួយអាស័យដ្ឋាន លេខទូរសព្ទ ដើម្បីងាយស្រួលស្វែងរក ក្នុងករណីមានការសង្ស័យថា នឹងអាចឆ្លងជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍ ក្នុងដំណាក់កាលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសេវាទេសចរណ៍ចំនួន៦ ដែលកំពុងដំណើរការអាជីវកម្មរួមមាន៖ សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍, សេវាកម្មភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក, សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោក, រមណីយដ្ឋានទេសចរណ៍, និងសហគមន៍ ទេសចរណ៍ តាមរយៈការអនុវត្តវិធានការរក្សាអនាម័យ និងភាពស្អាត, រក្សាសុវត្ថិភាពម្ហូបអាហារ និងការរក្សាគម្លាតសុវត្ថិភាព ជាដើម។

ឯកឧត្តម ថោង ខុន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ ក្រុមការងាររបស់ក្រសួងទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការផ្សព្វផ្សាយចុះណែនាំដល់មូលដ្ឋានអាជីវកម្មឱ្យយល់ និងកែទម្លាប់អាជីវកម្មរបស់ខ្លួន ស្របតាមវិធានសុវត្ថិភាពទេសចរណ៍សរុបទូទាំងប្រទេសចំនួន២.៦៨៤ទីតាំង ក្នុងនោះថ្នាក់ជាតិធ្វើបានសរុប១៨៣ទីតាំង រួមមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ចំនួន១៤១ទីតាំង និងភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ចំនួន៤២ទីតាំង។ 

ចំណែក ថ្នាក់ក្រោមជាតិ ធ្វើផ្សព្វផ្សាយសរុបបាន២.៥០១ទីតាំង ដែលរួមមាន៖ សេវាកម្មស្នាក់នៅទេសចរណ៍ចំនួន១.១០២ទីតាំង ភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ចំនួន១.១១៨ទីតាំង រមណីយដ្ឋានទេសចរណ៍និងសហគមន៍ទេសចរណ៍ចំនួន១៣០ទីតាំង សេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវទឹកចំនួន៧៧ទីតាំង និងសេវាកម្មដឹកជញ្ជូនទេសចរណ៍ផ្លូវគោកចំនួន៧៤ទីតាំង ខណៈភ្ញៀវទេសចរក្នុងស្រុក ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅ នានាទូទាំងប្រទេសចាប់ផ្តើមបានកំណើនឡើងវិញជាបណ្តើរៗ។

ឯកឧត្តម សង្ឃឹមថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុងនឹងហក់ឡើងខ្ពស់នៅខែសីហាខាងមុខនេះ ដោយសាររាជរដ្ឋាភិបាលបានសម្រេចឱ្យមានថ្ងៃឈប់សម្រាករយៈពេលយូរពីថ្ងៃទី១៧-២១ ដើម្បីសងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងអាចបន្តកើនឡើងបន្ថែមទៀតក្នុងខែកញ្ញា ដែលត្រូវនឹងពិធីបុណ្យភ្ជុំបិណ្ឌ៕