កិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់អាស៊ីបូព៌ាធ្វើឡើងតាមប្រព័ន្ធអ៊ីនធើណេត

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០​ — បណ្តាប្រទេសនៅអាស៊ាន និងដៃគូដែលជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ដើម្បីលើកកម្ពស់ការឆ្លើយតបរបស់ពួកគេ និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ។

ពួកគេបានធ្វើការសន្យានៅឯកិច្ចប្រជុំកំពូលមន្ត្រីជាន់ខ្ពស់ EAS កាលពីល្ងាចថ្ងៃទី២០ ខែកក្កដា ក្រោមអធិបតីភាពអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung ដែលជាប្រធាន       អាស៊ាន និងជាប្រធាន EAS ក្នុងឆ្នាំ ២០២០ ។

កិច្ចប្រជុំកំពូលនេះមានការចូលរួមពីតំណាងមកពីសមាជិកអាស៊ានទាំង ១០ រួមគ្នាជាមួយអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណរដ្ឋកូរ៉េ រុស្ស៊ី និងសហរដ្ឋអាមេរិក រួមជាមួយអគ្គលេខាធិការរងអាស៊ាន។

បណ្តាប្រទេសដែលចូលរួមបានបញ្ជាក់សារជាថ្មីថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាវេទិកាមួយសម្រាប់មេដឹកនាំក្នុងតំបន់ដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តនៃបញ្ហាក្នុងតំបន់។ ពួកគេបានព្រមព្រៀងគ្នាដើម្បីបន្តកិច្ចសហប្រតិបត្តិការជាអាទិភាពនាពេលបច្ចុប្បន្ននេះ រួមមានបរិស្ថាន ថាមពល ការអប់រំ ហិរញ្ញវត្ថុ សុខាភិបាល ការឆ្លើយតបនឹងការផ្ទុះឡើងនៃជំងឺ ការគ្រប់គ្រងគ្រោះមហន្តរាយ ការតភ្ជាប់ទំនាក់ទំនង សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខស្បៀងអាហារ និងកិច្ចសហប្រតិបត្តិការលើសមុទ្រ។

ក្នុងឱកាសខួបលើកទី១៥ នៃការបង្កើត EAS អាស៊ាន និងដៃគូក្នុងវេទិកាបានឯកភាពគ្នាធ្វើការយ៉ាងជិតស្និទ្ធិដើម្បីរៀបចំទិសដៅសម្រាប់ពង្រឹងតួនាទីរបស់ EAS ក្នុងកាលៈទេសៈថ្មី ដែលចូលរួមចំណែកយ៉ាងសកម្មដល់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិភាព សន្តិសុខ វិបុលភាព និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមថ្មីៗនៅក្នុងតំបន់។

ជាពិសេស ពួកគេបានគាំទ្រជាឯកច្ឆន្ទនូវឯកសារដែលបានស្នើឡើងជាច្រើនដែលនឹងត្រូវរៀបចំឡើងនៅឯកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៥ ដែលគ្រោងធ្វើឡើងនៅក្នុងខែតុលាខាងមុខ ដែលទាក់ទងនឹងការប្រារព្ធខួបលើកទី១៥ របស់ EAS ការបង្កើនកិច្ចសហប្រតិបត្តិការតាមសមុទ្រប្រកបដោយចីរភាព ការលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយស្ថិរភាព និងតួនាទីរបស់ស្ត្រីក្នុងការធានាសន្តិភាព និងសន្តិសុខ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)