ជំងឺគ្រុនឈាមកំពុងរីករាលដាលនៅក្នុងប្រទេសសិង្ហបុរី

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០​ — មានមនុស្ស ៣នាក់ទៀតហើយបានស្លាប់ដោយសារជំងឺគ្រុនឈាមនៅក្នុងប្រទេសសិង្ហបុរី ដែលនាំឱ្យការស្លាប់សរុបសម្រាប់ឆ្នាំនេះមានចំនួនដល់ទៅ ១៩នាក់ ខណៈដែលប្រទេសនេះកំពុងតែមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមដែលមិនធ្លាប់មានពីមុន។ កាលពីឆ្នាំមុន មានមនុស្សសរុបចំនួន ២០នាក់បានស្លាប់ដោយសារជំងឺនេះ។

បច្ចុប្បន្ននេះ មានក្រុមជំងឹគ្រុនឈាមចំនួន ៤១៣ក្រុម ដែលប្រមូលផ្តុំភាគច្រើននៅភាគខាងកើតនៃរដ្ឋកោះនេះ។

នេះជាសប្តាហ៍ទី ៦ ជាប់ៗគ្នាហើយដែលមានការឆ្លងជំងឺគ្រុនឈាមកើនឡើងដល់ ១.០០០ករណី។

ចាប់តាំងពីខែមករាមក មានមនុស្សចំនួន ១៨.៦៧៣នាក់បានឆ្លងជំងឺនេះ ដែលជាចំនួនកើនឡើងលើសកាលពីក្នុងឆ្នាំ ២០១៣ នៅពេលដែលមានមនុស្សចំនួន ២២.១៧០នាក់បានឆ្លងជំងឺនេះក្នុងរយៈពេលមួយឆ្នាំ។

យោងតាមក្រសួងសុខាភិបាលសិង្ហបុរីបានឱ្យដឹងថា មនុស្សចំនួន ១៧ភាគរយ ឬច្រើនជាង ៣.១០០នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរដ្ឋក្នុងឆ្នាំនេះដោយសារជំងឺគ្រុនឈាម៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)