ទីក្រុងប៉េកាំងសន្យាថា នឹងឆ្លើយតបជាដាច់ខាតចំពោះការជ្រៀតជ្រែក របស់ចក្រភពអង់គ្លេសក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០​ — អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេសបានជំរុញឱ្យចក្រភពអង់គ្លេសបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ទីក្រុងហុងកុង ដែលចិនចាត់ទុកថា ជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

អ្នកនាំពាក្យស្ថានទូតចិនរូបនេះបាននិយាយថា «កាលពីពេលថ្មីៗនេះ ចក្រភពអង់គ្លេសបានធ្វើការកត់សម្គាល់ខុសម្តងហើយម្តងទៀតទៅលើច្បាប់សន្តិសុខជាតិសម្រាប់តំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីជួយជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុងដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន»។

អ្នកនាំពាក្យបានបន្ថែមថា «ឥឡូវនេះ ភាគីអង់គ្លេសបានដើរផ្លូវខុសដោយមិនគោរពជំហរដ៏ឧឡារិករបស់ចិន និងការតំណាងម្តងហើយម្តងទៀត។ វាជាការរំលោភច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ព្រមទាំងបានជ្រៀតជ្រែកជាសម្ងាត់នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនក្នុងការប៉ុនប៉ងរំខានដល់ការអនុវត្តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង និងបំផ្លាញដល់ភាពរុងរឿង និងស្ថិរភាពរបស់ទីក្រុងនេះ។ ភាគីចិនបានថ្កោលទោស និងប្រឆាំងដាច់ខាតចំពោះបញ្ហានេះ»។

អ្នកនាំពាក្យរូបនេះបាននិយាយបន្ថែមថា «ចិនទទូចឱ្យភាគីអង់គ្លេសបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់ទីក្រុងហុងកុងជាបន្ទាន់ ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិនក្នុងទម្រង់ណាមួយ។ ចក្រភពអង់គ្លេសនឹងទទួលនូវផលវិបាក ប្រសិនបើខ្លួននៅតែទទូចចង់ដើរខុសផ្លូវ»។

សារព័ត៌មាន BBC បានរាយការណ៍ថា កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចក្រភពអង់គ្លេសបានប្រកាសថា ខ្លួននឹងព្យួរសន្ធិសញ្ញាស្តីពីបត្យាប័នរបស់ខ្លួនជាមួយទីក្រុងហុងកុងភ្លាមៗ និងគ្មានកាលកំណត់។ លើសពីនេះទៀត រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស លោក Dominic Raab បានហៅច្បាប់សន្តិសុខជាតិថ្មីដែលបានបង្កើតឡើងដោយប្រទេសចិននៅទីក្រុងហុងកុងថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចអន្តរជាតិរបស់ប្រទេស។

ទីក្រុងហុងកុងធ្លាប់នៅក្រោមអាណានិគមរបស់អង់គ្លេសចាប់ពីឆ្នាំ ១៨៤២ ដល់ឆ្នាំ ១៩៩៧ ហើយត្រូវបានប្រគល់ទៅជាអធិបតេយ្យភាពរបស់ចិនវិញកាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ១៩៩៧ ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)