គ្រួសារទីទ័លក្រ និងចាស់ជរាគ្មានទីពឹង ក្នុងស្រុកជលគិរី ខេត្ដកំពង់ឆ្នាំង ទទួលអំណោយពីរាជរដ្ឋាភិបាល

AKP កំពង់ឆ្នាំង ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០

រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្ដល់ជូនដល់ជនចាស់ជរាគ្មានទីពឹងនិងគ្រួសារក្រីក្រខ្វះខាតស្បៀងចំនួន២០គ្រួសារ ស្ថិតនៅក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដែលដឹកនាំដោយ ឯកឧត្តម តម សានវិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីប្រគល់អំណោយនេះធ្វើឡើងកាលពីថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ឯកឧត្តម តម សានវិសាល បានលើកឡើងថា គ្រឿងឧបភោគបរិភោគ ដែលយកមកផ្តល់ជូននាពេលនេះគឺជាការគិតគូរយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសមនុស្សចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម ជានិច្ចជា កាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា។

ឯកឧត្ដមបានបន្ដថា បើទោះបីជាអំណោយទាំងនេះមានតិចតួចក្តី ប៉ុន្តែក៏អាចជួយសម្រាលការលំបាកបានមួយកម្រិត ក្នុងកាលៈទេសៈប្រទេសជាតិកំពុងទទួលរងគ្រោះ ដោយជំងឺរាលត្បាតកូវីដ-១៩ ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាពការពារខ្លួនការពារជីវិតពីជំងឺកូវីដ-១៩ ត្រូវរក្សាអនាម័យ ដោយការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងរក្សាគម្លាតសុវត្ថិភាព តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អំពីវិធានការការពារជីវិតពីជំងឺដ៏កាចសាហាវមួយនេះ និងចូលរួមគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នាដើម្បីជីវិតខ្លួនយើង និងជីវិតអ្នកដទៃ។

ក្នុងឱកាស់នោះដែរ ឯកឧត្តម តម សានវិសាល និងក្រុមការងារក៏បានផ្ដល់អំណោយជូនជនចាស់ជរា និងគ្រួសារក្រីក្រខ្វះខាតស្បៀង ចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ១០គីឡូក្រាម មី១កេស ទឹកត្រី១យួរ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕ ដោយ៖បៃ ស៊ីថុន