Camsocកំនត់ទីលានកីឡាលើទឹកសម្រាប់ប្រកួតនៅក្នុងស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

គណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣( Camsoc ) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនោះ បានឲ្យដឹងអំពីកិច្ចពិភាក្សាលើបញ្ហាកីឡាលើ ទឹក ដែលត្រូវដាក់ឲ្យប្រកួតនៅក្នុងស៊ីហ្គេម 2023 ដែលក្នុងនោះ Camsocបានកត់សម្គាល់ផ្ដោតទៅលើបញ្ហាការប្រកួតកីឡាលើទឹកនេះ គឺសំខាន់ទី១ នៅលើទីលានប្រកួតសម្រាប់ការប្រកួតប្រណាំងទូកកានូ ទូករ៉ូវីង(Rowing boat) និងទូកប្រពៃណី ហើយសម្រាប់កីឡាម៉ូតូទឹក(Jet-Ski) ទូកក្តោង (sailing boat) ដែលត្រូវប្រើប្រាស់ទីលានទឹក គឺទីលាននឹងធ្វើនៅលើផ្ទៃទឹកសមុទ្រ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យដឹងថា ជាផែនការនិងការគ្រោងទុកជាមុននោះ គឺនឹងមានប្រភេទកីឡាលើទឹកចំនួន៤ ទៅ ៥ប្រភេទ ដែលនឹងដាក់ឲ្យប្រកួតនៅក្នុងស៊ីហ្គេម2023ខាងមុខ ហើយដែលត្រូវប្រើប្រាស់ទីលាននៅលើផ្ទៃទឹកនោះ គឺត្រូវតែមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រកីឡានោះ ដើម្បីឱ្យឆ្លើយតបទៅនឹងជំនាញស្តង់ដារអន្តរជាតិសម្រាប់រៀបចំស៊ីហ្គេម 2023 បាន។
ដូច្នេះជាគោលការណ៍របស់លោកបណ្ឌិតថោងខុន ដែលជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ បានសម្រេចទៅលើទីលានសម្រាប់ប្រកួតកីឡាលើទឹកនេះ ដែលទី១ គឺនៅលើបឹងតាមោក ដែលនៅជិតនិងកៀកពហុកីឡដ្ឋានជាតិថ្មីមរតកតេជោ ហើយក្នុងនោះនឹងត្រូវពិចារណាដើម្បីធ្វើការសាងសង់មជ្ឈមណ្ឌលកីឡាលើទឹកនៅទីនោះទាន់ឬមិនទាន់និងមានលក្ខណះសមស្របឬអត់នោះ ? ។ ទី២ គឺត្រូវពិនិត្យទៅលើទីលាននៅក្នុងខេត្តព្រះសីហនុ ដែលមានបឹងទឹកសាបហៅថាបឹងកង្កែប ជាមួយនឹងទីលាននៅឆ្នេរសមុទ្រ ដែលអាចធ្វើការប្រកួតសម្រាប់ចេគស្គីនិងសៃលីង តើធ្វើបាននៅកន្លែងនោះបានឬអត់ ? ហើយនិងទី៣ គឺនៅទីលានខេត្តកែបដែលមានប្រភេទកីឡាទ្រីយ៉ាត្លុង ហើយដែលបានកំណត់យកនៅកែបនោះហើយ ហើយក៏ពិភាក្សានៅលើប្រភេទកីឡាម៉ូតូទឹកចេគស្គីនិងសៃលីង តើត្រូវទៅធ្វើនៅកែបហ្នឹងបានឬអត់ ហើយនៅខេត្តកំពតដែលថិតនៅជិតកែបដែរនោះ គឺយើងមានមជ្ឈមណ្ឌលកីឡាលើទឹករួចហើយ ដែលអាចនឹងរៀបចំការប្រកួតកីឡាប្រណាំងទូកប្រពៃណីអន្តរជាតិនៅព្រែកកំពតនោះបានហើយ ៕