ទីលានចាក់សំរាមតម្លៃជាង៥លានដុល្លារនឹងសាងសង់ឡើងក្នុងខេត្តព្រះសីហនុ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ០៧ ២០២០


MC: ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទីលានចាក់សំរាមតម្លៃសរុបជាង៥,៣១លានដុល្លារអាមេរិក ក្នុងក្របខណ្ឌថវិកាជាតិ នឹងសាងសង់ឡើងក្នុងខេត្តព្រះសីហនុលើផ្ទៃដីសរុប៥១ហិកតា។
ឯកឧត្ដម កឹម បូរី អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ប្រាប់ថា ទីលានចាក់សំរាមនេះ ស្ថិតនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានចម្ងាយប្រមាណ៣គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ហើយរយៈពេលសាងសង់១៧ខែ គិតចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ។
ឯកឧត្តម មានប្រសាសន៍ថា គម្រោងទីលានចាក់សំរាមថ្មីនេះ សាងសង់ឡើងដើម្បីបំពេញតម្រូវការរយៈពេល៥ឆ្នាំដំបូង ដោយមានសមត្ថភាពអាចផ្ទុកសំរាមបានជាង៨៨ម៉ឺនម៉ែត្រគូប មានរណ្ដៅចំនួនបួន ដោយរណ្ដៅនីមួយៗមានទទឹងគិតជាមធ្យម១៣០ម៉ែត្រ និងបណ្ដោយ១៥០ម៉ែត្រ ជម្រៅចាប់ពី២-៤ម៉ែត្រ មានប្រព័ន្ធរំដោះទឹកភ្លៀងចាប់ពីបាតរណ្ដៅ ប្រព័ន្ធប្រមូលទឹកកខ្វក់ពីរណ្ដៅចាក់សំរាម បំពង់បញ្ចេញឧស្ម័នពុលផងដែរ។ ឯកឧត្ដម បានបន្ថែមថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់ខ្លួនដើម្បីលើកកម្ពស់សមត្ថភាពគ្រប់គ្រងសំរាម និងអនាម័យជូនប្រជាពលរដ្ឋ និងធ្វើឱ្យសុខមាលភាពសាធារណៈ និងបរិស្ថានកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុងខេត្តនេះ។
បច្ចុប្បន្ន នៅក្នុងខេត្តព្រះសីហនុមានសំរាមប្រមាណពី៦០០ ទៅ៧០០តោម ក្នុងមួយថ្ងៃ ដោយមិនទាន់គិតពីកាកសំណល់នៅតាមការដ្ឋានសំណង់នោះឡើយ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តនេះ។
តាមការសិក្សាពីអ្នកឯកទេសជាន់ខ្ពស់ផ្នែកបរិស្ថាននៃសាធារណរដ្ឋកូរ៉េ បានបង្ហាញថា មូលហេតុនៃការកើនឡើងសំណល់សំរាម គឺដោសារសាលាក្រុងព្រះសីហនុពុំមានថវិកាគ្រប់គ្រាន់ ម្យ៉ាងទៀតតម្លៃសេវាប្រមូលសំរាមពីប្រជាពលរដ្ឋមានការលំបាកការគ្រប់គ្រងស្ថាប័ន និង ហិរញ្ញវត្ថុមានការខ្វះខាត ខណៈកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាមមិនមានតម្លាភាព ខ្វះការទំនាក់ទំនងក្នុងការប្រមូល និងការបញ្ចេញសំរាមក្នុងក្រុងនៅមានកម្រិត៕