ខេត្ដតាកែវត្រៀមលក្ខណៈទទួលភ្ញៀវទេសចរមកកម្សាន្ដក្នុងឱកាសឈប់សម្រាកនាពេលខាងមុខ

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា ២១ ០៧ ០២០


MC៖មន្ទីរទេសចរណ៍ខេត្ដតាកែវ បានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរ បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាត្ដិឱ្យមន្រ្ដីរាជការ បុគ្គលិក កម្មករ កម្មការនីឈប់សម្រាកមួយសប្ដាហ៍ជំនួសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរចាប់ពីថ្ងៃទី១៧-២១ខែសីហា ឆ្នាំ២០២០ខាងមុខនេះ។
លោក កង ឥន្ទ្រី ប្រធានមន្ទីរទេសចរណ៍ខេត្ដតាកែវបានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មន្ទីរបានចុះផ្សព្វផ្សាយអប់រំ រៀបចំអនាម័យសណ្ដាប់ និងវិធានការការពារជំងឺកូវីដ១៩នៅតាមរម្មណីយ៍ដ្ឋានទេសចរណ៍រួចរាល់ហើយ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកលេងកម្សាន្ដក្នុងឱកាសឈប់សម្រាកនេះឱ្យបានកាន់តែច្រើន។

លោកប្រធានមន្ទីរអំពាវនាវប្រជាពលរដ្ឋមកលេងកម្សាន្ដនៅខេត្ដតាកែវនាថ្ងៃឈប់សម្រាកនាពេលខាងមុខនេះឱ្យបានច្រើន ខណៈដែលខេត្ដតាកែវមានតំបន់ទេសចរណ៍ជាច្រើន និងមានម្ហូបឈ្ងុយឆ្ងាញ់ និងអាចទស្សនាទេសភាពព្រៃប្រឹក្សា ប្រាសាទបុរាណ្យយ៉ាងច្រើន និងកន្លែងលេងទឹក ដែលធ្វើឱ្យអាម្មណ៍សប្បាយរីករាយ ស្រស់ស្រាយ ក្រោយពីការនឿយហត់ពីការងារ។

លោកសង្ឃឹមថា ក្នុងឱកាសថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ខេត្ដតាកែវនឹងទទួលបានភ្ញៀវទេសចរកមលេងកម្សាន្ដយ៉ាងច្រើន ដោយសាតែរនៅខេត្ដតាកែវមានតំបន់ទេសចរណ៍ សំខាន់ៗជាច្រើន រួមមាន ទន្លេបាទី ភ្នំតាម៉ៅ ភ្នំជីសូរ ភ្នំដា រម្មណីយ៍ដ្ឋានកំពូលពេជ្រ និងជ្រោះផ្អោកជាដើម។

ក្នុងឆមាសទី១ឆ្នាំ២០២០នេះ ខេត្ត​តាកែវ​ទទួលបាន​ភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកកម្សាន្ដ មានសរុបចំនួន៣៨៤០០នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិចំនួន៣៧០០នាក់ ប្រើធៀបនិងឆ្នាំ២០១៩ ភ្ញៀវទេសចរជាតិមានការធ្លាក់ចុះចំនួន៤៥,៤៤ភាគរយ រីឯភ្ញៀវអន្ដរជាតិធ្លាក់ចុះចំនួន៥១,៤៥ភាគរយ៕