មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ពង្រឹងសន្តិសុខ និងអនាម័យ នូវតាមរមណីយដ្ឋានទាំងអស់ទូទាំងខេត្ត ដើម្បីស្វាគមន៍ភ្ញៀវទេសចរនាថ្ងៃឈប់សំរាក

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២១.០៧.២០២០


MC ៖ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ពង្រឹងសន្តិសុខ និងអនាម័យ នូវតាមរមណីយដ្ឋានទាំងអស់ទូទាំងខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលជូនភ្ញៀវទេសចរ សំរាប់ថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៧-២១ខែសីហាខាងមុននេះ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍………………………………..
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងនាពេលខាងមុខនេះ មន្ទីរបានត្រៀមពង្រឹងសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរគ្រប់ទីតាំងទាំងអស់ និងចុះណែនាំគ្រប់សេវាកម្មអាជីវកម្ម រួមមានសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ទាក់ទងជាមួយនឹងតម្លៃ ការធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ ទៅតាមគោលការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។
លោកបានបន្តថា មន្ទីរបានត្រៀមរៀបចំរមណីយដ្ឋានកម្សាន្តទាំងអស់ ទាំងរមណីយដ្ឋានធម្មជាតិនិងវប្បធម៌ (កែច្នៃ) ដោយធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ ដើម្បីឲ្យ ស្គាល់ពីតំបន់ទេសចរណ៍ថ្មីៗប្លែកៗ ជាពិសេសគឺតំបន់ដែលគេចាប់អារម្មណ៍ខ្លាំងនោះ គឺជ្រលងភ្នំ១៥០០ ដែលសម្ដេចអគ្តមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រសិទ្ធនាមថា«បុប្ផាលាក់ខ្លួន» ។
លោកបានបន្ថែមថាមន្ទីរនឹងចាត់ចែងឲ្យមានក្រុមមន្ត្រីចុះតាមទីតាំងរមណីយដ្ឋានទាំងអស់ដើម្បីអាចរាយការណ៍បានទាន់ពេលវេលា នៅពេលដែលមានបញ្ហាជាយថាហេតុកើតឡើង ។
សំឡេង ៖ ក្រោយពីសម្ដេចបានប្រគល់ថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំគឺថ្ងៃទី ១៧ ដល់ថ្ងៃទី២១ ខែ ០៨ឆ្នាំ ២០២០ ខាងមុខនេះ មន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានត្រៀមធ្វើលិខិតបង្គាប់ការដល់មន្ត្រីក្រោមឱវាទ ដើម្បីយើងទទួលខុសត្រូវតាមតំបន់កម្សាន្តនីមួយៗឲ្យបានល្អប្រសើរ ហើយក្រោយពីបញ្ចប់មន្ទីរក៏បានត្រៀមធ្វើរបាយការណ៍បូកសរុប ដើម្បីរាយការណ៍ទៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់មានតំបន់រមណីយដ្ឋានធម្មជាតិនិងវប្បធម៌ទាំងអស់ចំនួន៣៤កន្លែង មានដូចជាទឹកធ្លាក់ថ្មដាតូច ភ្នំទំព័រ ភ្នំតាក្រហមក ទឹកធ្លាក់ច្រកល្អៀង ភ្នំនាគស ផ្លូវបុប្ផាលាក់ខ្លួន រមណីយដ្ឋានល្បាក់កំរោញ កោះសំពៅមាស ទឹកធ្លាក់អូរសោម ទឹកធ្លាក់ឆាយប្រុយ ទឹកធ្លាក់អូរដា បឹងធម្មជាតិអូរតាឡូស ភ្នំកាច់ចង្កូតជាដើម ៕