ក្រសួងមុខងារសាធារណៈនិងUNDPរួមគ្នាកែទម្រង់វិស័យរដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់ប្រើសើរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ និងUNDPចុះអនុស្សារណៈនៃការយោគយល់គ្នាលើការងារកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជាឱ្យកាន់តែល្អប្រសើរឡើង។
ពិធីនេះរៀបចំឡើងនារសៀលថ្ងៃ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក Nick Beresford តំណាងនិវេសនដ្ឋាននៃកម្មវិធីអភិវឌ្ឍសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់របស់ស្ថាប័ន ទាំងពីរ សរុប ៣០ រូប។
ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ពិធីចុះអនុស្សារណៈនាថ្ងៃនេះ គឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ លើការងារកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសសការជំរុញនវានុវត្តន៍ ការអភិវឌ្ឍសមត្ថភាពអ្នកគ្រប់គ្រងក្នុងវិស័យសាធារណៈលើផ្នែកនវានុវត្តន៍ និងជំរុញទំនើបកម្មការផ្តល់សេវាសាធារណៈ សំដៅលើកកម្ពស់អភិបាលកិច្ចល្អក្នុងស្ថាប័នរដ្ឋ។
ឯកឧត្តមបន្តថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើសហប្រតិបត្តិការលើវិស័យការងារចំនួន ៤ គឺ៖
១. ការបង្កើតនិងការអនុវត្តគម្រោងនវានុវត្តន៍ក្នុងវិស័យសាធារណៈ
២. ការរៀបចំកម្មវិធីសិក្សាស្តីពីនវានុវត្តន៍ក្នុងវិស័យសាធារណៈសម្រាប់សាលាភូមិន្ទរដ្ឋបាល
៣. ការលើកកម្ពស់ការផ្តល់សេវាសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងនវានុវត្តន៍ប្រកបដោយបរិយាប័ន្ននៅក្នុងរដ្ឋបាលសាធារណៈកម្ពុជា
៤. ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាសាធារណៈអាទិភាពមួយចំនួន
ថ្លែងក្នុងពិធីខាងលើ ឯកឧត្តម ព្រុំ សុខា បានគូសបញ្ជាក់អំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរក្នុងការកសាងគ្រឹះនៃរដ្ឋបាលសាធារណៈបច្ចុប្បន្ន គោលដៅបន្តនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងសារៈសំខាន់ៗនៃកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រគ្នាទៅវិញទៅមកឈានទៅសម្រេចគោលដៅរួម គឺការពង្រឹងអភិបាលកិច្ចល្អ នីតិរដ្ឋ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ក្នុងកាលៈទេសៈដែលកម្ពុជាក៏ដូចប្រទេសនៅជុំវិញពិភពលោកកំពុងរងការវាយប្រហារដោយជម្ងឺកូវីដ១៩។
គួរបញ្ជាក់ថា UNDP ធ្លាប់បានផ្តើមកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពង្រឹងនីតិរដ្ឋនិងអភិបាលកិច្ចល្អ តាំងពីការចាប់ផ្តើមរៀបចំកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈដំបូងក្នុងទស្សវត្សរ៍ឆ្នាំ១៩៩០៕