សមាគមនារីសាខាក្រសួងព័ត៌មាន ជំរុញឲ្យស្រី្តប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ២១.០៧.២០២០


MC៖ ថ្នាក់ដឹកនាំ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ជំរុញឲ្យស្រី្តប្រើប្រាស់ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ កាន់តែប្រសើរឡើង ឲ្យស្របទៅតាមការអភិវឌ្ឍន៍នៃបច្ចេកវិទ្យានាពេលបច្នុប្បន្ន។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពីការប្រើប្រាស់ ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ នាព្រឹកថ្ងៃទី២១ ខែកក្កដា លោកជំទាវសាស្រ្តចារ្យ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សមាគមនារីដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន តែងតែយកចិត្តទុកដាក់ក្នុងការកសាងសមត្ថភាព បណ្ដុះបណ្ដាលធនធានមនុស្សផ្ដល់តម្លៃ ផ្ដល់សិទ្ធិអំណាច ដល់សមាជិកសមាជិកា មានសិទ្ធស្វ័យសម្រេចទៅលើជោគវាសនារបស់ខ្លួន។ លោកជំទាវបានបញ្ជាក់ទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងទិសដៅលើកកម្ពស់ប្រាជ្ញាស្មារតី ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់មន្ត្រីរាជការជាស្ត្រី និងដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ ជួយអប់រំឧបត្ថមគាំទ្រជាស្មារតីនិងសំភារៈ តាមរយៈការបណ្តុះបណ្តាលចំណេះដឹងផ្សេងៗ ធ្វើយ៉ាងណាឲ្យសមាជិកសមាជិកា មានការយល់ដឹងខ្ពស់ បង្កើនភាពជឿនជាក់លើខ្លួនឯង ក្នុងការសម្រេចចិត្ត និងដើម្បីអភិវឌ្ឍន៍ខ្លួន គ្រួសារ ក៏ដូចជាស្ថាប័ន។ លោកជំទាវបានបន្តទៀតថា ការរៀចចំសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ស្មារតី បង្កើនភាពយល់ដឹង ស្គាល់ពីទេពកោសល្យពិតរបស់ខ្លួន ដើម្បីយកមកប្រើប្រាស់ ក្នុងការអភិវឌ្ឍន៍ការងារឲ្យមានប្រសិទ្ធភាពខ្ពស់ និងជួយបង្កើនប្រាក់ចំណូលក្រុមគ្រួសារ រៀនអភិវឌ្ឍខ្លួនពីមនុស្សដែលមានប្រាក់ចំណូលតិចតួច មកជាមនុស្សដែលមានប្រាក់ចំណូលសមរម្យ ដោយធ្វើការផ្លាស់ប្តូរទំលាប់ រៀនស្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីឈានទៅដល់ការបង្កើតសេវាកម្មដែលអាចឈរលើទីផ្សារបាន។
«សំឡេង៖ “ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការក្នុងពេលបច្ចុប្បន្ន ស្របតាមទស្សនៈវិស័យរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពសារនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ទាមទារឲ្យស្ត្រីជាសមាជិកាទាំងអស់ ខិតខំពង្រឹងសមត្ថភាពឲ្យបានខ្ពស់ ក្នុងការចាប់យកឱកាសនានាដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង និងប្រទេសជាតិ។ និងបានយល់ដឹងអំពីចំណុចខ្លាំង គុណតម្លៃ ទេពកោសល្យ មានគំនិតវិជ្ជមាន រៀនបំបាត់ទម្លាប់អវិជ្ជមាន ផ្លាស់ប្ដូរផ្នត់គំនិត ចេះបង្កើតគម្រោងនូវកញ្ចប់សេវាកម្មផ្ទាល់ខ្លួន ដើម្បីបម្រើទីផ្សារការងារ ចេះគ្រប់គ្រងនិងប្រើប្រាស់ពេលវេលាឲ្យមានប្រសិទ្ធភាព និងចេះចាប់យកឱកាសដើម្បីអនុវត្តការកសាងសមត្ថភាពឲ្យរីកចម្រើន ជាពិសេសនៅពេលដែលពិភពលោកទាំងមូល ក៏ដូចជាប្រទេសកម្ពុជារបស់យើង កំពុងប្រឈមនឹងវិបត្តិ ដែលបង្កឡើងដោយកូវីដ១៩ ដែលបានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសុខភាព សាធារណៈ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។»
សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីការប្រើប្រាស់ ទេពកោសល្យផ្ទាល់ខ្លួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ របស់សមាគមននារីកម្ពុជាដើម្បីអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រៀបចំឡើងរយៈពេលពីថ្ងៃ ពីថ្ងៃទី២១ដល់ថ្ងៃទី២២ខែកក្កដា នៅស្ទូឌីយូទូរទស្សន៍ជាតិកម្ពុជា ដែលបានចែកចេញជា២វគ្គ ដោយក្នុង១វគ្គ មានសមាជិកសិក្ខាកាមចូលរួមជានារី ចំនួន៦៥នាក់ មកពីអគ្គនាយកដ្ឋានទាំង៥ នៃក្រសួងព័ត៌មាន៕