សហរដ្ឋអាមេរិកបង្ហោះយន្តហោះស៊ើបការណ៍នៅលើឧបទ្វីបកូរ៉េដើម្បីឃ្លាំមើលកូរ៉េខាងជើង

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​ — អ្នកតាមដានផ្នែកអាកាសចរណ៍បាននិយាយថា យន្តហោះស៊ើបការណ៍របស់សហរដ្ឋអាមេរិកមួយបានហោះមកលើប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទនៅក្នុងបេសកកម្មជាក់ស្តែងមួយដើម្បីឃ្លាំមើលប្រទេសកូរ៉េខាងជើងមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាននិយាយថា ខ្លួនបានស្វែងរកវិធានការដើម្បីពង្រឹងបន្ថែមទៀតនូវ «ការទប់ស្កាត់សង្គ្រាម»។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បានឱ្យដឹងថា យន្តហោះស៊ើបការណ៍រួម RC-135W Rivet របស់កងទ័ពអាកាសសហរដ្ឋអាមេរិកត្រូវបានគេប្រទះឃើញនៅខាងលើរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងនៅម៉ោងប្រមាណ ១០:០០ព្រឹក (01:00 GMT) ដោយពុំមានសេចក្តីរាយការណ៍ណាមួយត្រូវបានគេរាយការណ៍ឡើយ។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃបន្ទាប់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបើកការប្រជុំបិទមួយនៃគណៈកម្មាធិការយោធាមជ្ឈិមរបស់គណបក្សដើម្បីពិភាក្សាអំពីបញ្ហាសំខាន់ៗនៃការជំរុញបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមនៅក្នុងប្រទេស។

យោងតាមប្រភព និងអ្នកជំនាញបានឱ្យដឹងថា ការដាក់ពង្រាយយន្តហោះឈ្លបយកការណ៍បែបនេះរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃប្រតិបត្តិការធម្មតារបស់ខ្លួន ប៉ុន្តែវាអាចនឹងធ្វើឱ្យអ្នកមួយចំនួនមើលឃើញថា ជាការដាក់សម្ពាធទៅលើកូរ៉េខាងជើង។

ប្រភពយោធានៅទីនេះបាននិយាយថា ប្រទេសកូរ៉េខាងជើងមិនបានបង្ហាញចលនាយោធាមិនធម្មតាណាមួយទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន បានផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូងកាលពីខែមុន។

កាលពីក្នុងខែមិថុនា ភាពតានតឹងនៅឧបទ្វីបនេះបានកើនឡើងយ៉ាងខ្លាំងនៅពេលដែលទីក្រុង ព្យុងយ៉ាងបានបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េ នឹងបានគំរាមចាត់វិធានការយោធាដោយកំហឹងចំពោះខិត្តប័ណ្ណឃោសនាប្រឆាំងនឹងរបបខ្លួនដែលបានផ្ញើតាមរយៈប៉េងប៉ោងពីកូរ៉េខាងត្បូង៕

(ប្រភព Yonhab បកប្រែដោយលោក យា ចិន្តាខន្តី)