សម្តេចតេជោ ហ៊ុន សែន៖ ការនាំអង្គរចេញ​ឱ្យបាន១លានតោនក្នុងមួយឆ្នាំ​នៅតែជា​វិស័យអាទិភាព

AKP តាកែវ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បាន​លើក​ឡើងថា គោលនយោបាយ សម្រាប់ការនាំអង្ករចេញឱ្យ​បាន១លានតោន​ក្នុង​មួយ​ឆ្នាំ និង​គោលនយោបាយពាណិជ្ជកម្មនៅតែជាគោលការណ៍​អាទិភាពរបស់រាជ​រដ្ឋាភិ​បាល។

ក្នុងការអញ្ជើញចុះពិនិត្យ វាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ព្រមទាំងពិនិត្យស្ថានីយបូមទឹក ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃអង្គារ ១កើត​ខែស្រាពណ៌ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងមក​កម្ពុជាមិនទាន់​សម្រេច​បានការនាំអង្ករចេញចំនួន១លានតោន ក្នុង១ឆ្នាំ ទៅ​ក្រៅ​ប្រទេសនៅឡើយ ហើយ​ការ​នាំចេញអង្ករ១លានតោន របស់កម្ពុជានៅតែជា​គោលនយោបាយអាទិភាព ដដែល។ សម្ដេចតេជោបានថ្លែងថា “គោលនយោបាយផលិតស្រូវ និងការនាំ ចេញអង្ករឱ្យ​បានជាង​១លានតោន នៅតែជាគោលដៅអាទិភាពរបស់យើង ដែលត្រូវបន្ដ ជាមួយនឹងគោលនយោ​បាយ​ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥”។ សម្ដេចតេជោបានរម្លឹកថា នៅពេលដាក់ចេញ​គោល​នយោបាយកសិកម្មផលិតស្រូវ និងការនាំចេញអង្កររបស់កម្ពុជា នៅពេលនោះ​កម្ពុជា​មានស្រូវ តិចតួចណាស់។

សម្ដេចតេជោបានបន្ដថា ក្នុងពេលនោះឥណ្ឌាបានផ្ដល់អង្ករ មកកម្ពុជាជាង២ ម៉ឺនតោន កាលពីឆ្នាំ២០០២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន ស្របពេលដែលកម្ពុជា ជួបគ្រោះរាំងស្ងួត បន្ទាប់មកកម្ពុជាក៏បានជួបគ្រោះទឹកជំនន់ឆ្នាំ២០០១ និងគ្រោះរាំងស្ងួត ឆ្នាំ២០០២។ សម្ដេចតេជោបន្ដទៀតថា នៅពេលកម្ពុជាដាក់ចេញគោលនយោ​បាយ ផលិតស្រូវ និងការនាំចេញអង្ករ ហើយនៅពេលនោះ អង្ករ និងស្រូវកម្ពុជា ក៏បានចាប់ផ្ដើម​សល់ផងដែរ។ សម្ដេចតេជោបានអះអាងថា នៅចុងឆ្នាំ២០១៩ កម្ពុជាសល់ស្រូវ៦​លាន​តោន បើគិតជាអង្ករវិញ ប្រមាណជា៤លានតោន។ សម្ដេចតេជោបានបន្ថែមថា កម្ពុជាជា​ប្រទេសតូចមួយ ដែលមានកសិកម្មមិនទាន់លូតលាស់ ប៉ុន្ដែកម្ពុជាសល់រហូតស្រូវជាង​៦លានតោន និងអង្ករជាង៤លានតោន ហើយនេះជាទំហំមួយដ៏ធំសម្រាប់កម្ពុជា។

សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ “ទាំងនេះអាចនិយាយបានថា ជាកញ្ចប់នាំចេញ ផលិត​កម្មស្រូវ និងការនាំអង្កររបស់កម្ពុជា។ យើងជោគជ័យបានតែមួយទេ យើងបង្កើន​ផលិតផល ខ្វះខាត ទៅជាការសល់ស្រូវជាង៦លានតោន។ ប៉ុន្ដែគោលដៅនៃការនាំចេញ ១លានតោនមិនទាន់បានសម្រេចទេ យើងនាំចេញបានតិចណាស់ គឺមានតែឆ្នាំនេះទេ​(ឆ្នាំ២០២០) យើងនាំចេញបានច្រើន ក្នុងរយៈពេល៦ខែ ជាង៤០ម៉ឺនតោន”។​សម្ដេច​តេជោ​បានបន្ថែមថា តាមការព្យាករណ៍ទុក គឺកម្ពុជាអាចឈាននាំចេញអង្ករ បាន១លានតោន ក្នុងរង្វង់ឆ្នាំ២០២១ ឬឆ្នាំ២០២២”។ ជាមួយគ្នានេះ សម្ដេចតេជោបន្ថែមទៀតថា ដើម្បី​ឈាន​ទៅដល់ការសម្រេចបានការនាំអង្ករចេញទៅក្រៅប្រទេសឱ្យបាន១លានតោន មិនមែនធ្វើ​ស្រូវរបៀបចាស់ទៀតនោះឡើយ ត្រូវធ្វើស្រូវតាមបច្ចេកវិទ្យាទំនើប៕

ដោយ ប៊ុនរិទ្ធ