ម៉ាឡេស៊ី៖ កាកសំណល់ពុលជាង ១.៨០០តោនត្រូវបានរកឃើញទុកចោលនៅកំពង់ផែមួយ

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​ — ប្រទេសម៉ាឡេស៊ីបានរកឃើញលោហធាតុធុនធ្ងន់ចំនួន ១១០កុងតឺន័រ មកពីប្រទេសរូម៉ានី ដើម្បីបញ្ជូនឆ្ពោះទៅកាន់ប្រទេសឥណ្ឌូណេស៊ីដែលបានចូលមកប្រទេសនេះដោយខុសច្បាប់ ហើយត្រូវបានគេទុកចោលកាលពីខែមុន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសម៉ាឡេស៊ី Bernama បានដកស្រង់សម្តីរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងទឹក លោក Tuan Ibrahim Tuan Man ដែលបាននិយាយថា ធូលីអគ្គិសនី (EAFD) ចំនួន ១.៨៦៤តោនដែលជាផលិតផលនៃការផលិតដែកថែបដែលមានលោហធាតុធ្ងន់ ដូចជាស័ង្កសី សំណ និងកាឌីមីញ៉ូម ត្រូវបានគេរកឃើញទុកចោលនៅកំពង់ផែ Tanjung Pelepas ស្ថិតនៅភាគខាងត្បូងរដ្ឋ Johor ។

លោកបាននិយាយថា ការរកឃើញកាកសំណល់ EAFD នេះ គឺជាការរកឃើញដ៏ធំបំផុតនៃប្រវត្ដិ-សាស្ដ្រម៉ាឡេស៊ី។

កាកសំណល់ EAFD ដែលត្រូវបានចាត់ថ្នាក់ថា ជាកាកសំណល់ពុលក្រោមអនុសញ្ញាបាស៊ែល (Basel) ដែលត្រូវបានចុះបញ្ជីជាស័ង្កសីប្រមូលផ្តុំនៅក្នុងទម្រង់ប្រកាស។

រដ្ឋមន្រ្តីរូបនេះបាននិយាយថា នាយកដ្ឋានបរិស្ថានក្នុងនាមជាអាជ្ញាធរអនុសញ្ញាបាស៊ែលរបស់ប្រទេសម៉ាឡេស៊ី មិនបានផ្តល់ការយល់ព្រមសម្រាប់ ឬទទួលបានការជូនដំណឹងពីអ្នកនាំចេញកាកសំណល់នេះទៅកាន់កន្លែងឆ្លងកាត់នៅក្នុងប្រទេសម៉ាឡេស៊ីនោះទេ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសម៉ាឡេស៊ីបានក្លាយជាគោលដៅដ៏សំខាន់សម្រាប់ធ្វើជាធុងសំរាមប្លាស្ទិចពីជុំវិញពិភពលោក បន្ទាប់ពីប្រទេសចិនបានចេញសេចក្តីហាមប្រាមចំពោះការនាំចូលសំរាមនេះក្នុងឆ្នាំ ២០១៨។ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងចរចាជាមួយប្រទេសមួយចំនួនដើម្បីប្រគល់សំរាមរាប់រយធុងដែលបាននាំចូលមកដោយខុសច្បាប់ទៅកាន់ប្រទេសដើមវិញ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)