រដ្ឋមន្រ្តីក្រសួងការងារថៃ លោក Chatumongol លាឈប់ពីគណៈរដ្ឋមន្រ្តី

AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០​ — រដ្ឋមន្រ្តីទី ៦ បានសម្រេចចិត្តលាឈប់ពីរដ្ឋាភិបាលថៃ ចំពេលដែលកំពុងមានការរុះរើដ៏ធំមួយកើតឡើងនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

រដ្ឋមន្រ្តីក្រសួងការងារថៃ និងជាអតីតលេខាធិការអចិន្ត្រៃយ៍នៃក្រសួងហិរញ្ញវត្ថុ លោក Chatumongol Sonakul បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកបានលាឈប់ពីគណៈរដ្ឋមន្រ្តីហើយ។

សារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋមន្រ្តីរូបនេះមិនបានផ្តល់ហេតុផលសម្រាប់ការលាឈប់នេះទេ ហើយលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមអំពីបញ្ហានេះទេ។

លោក Chatumongol Sonakul មានអាយុ ៧៦ឆ្នាំ បានក្លាយជារដ្ឋមន្រ្តីទី ៦ ដែលបានលាឈប់ពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា ចាប់តាំងពីសប្តាហ៍មុន។

កាលពីព្រឹកថ្ងៃទី ២០ ខែកក្កដា លោក Tewan Liptapanlop រដ្ឋមន្រ្តីការិយាល័យនាយករដ្ឋមន្ត្រីបានលាលែងពីគណៈរដ្ឋមន្រ្តី បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក Uttama Savanayana ឧបនាយករដ្ឋមន្រ្តី លោក Somkid Jatusripital រួមជាមួយរដ្ឋមន្រ្តីក្រសួងថាមពល លោក Sontirat Sontijirawong និងរដ្ឋមន្រ្តីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងច្នៃប្រឌិត លោក Suvit Maesincee ដែលបានលាឈប់កាលពីថ្ងៃទី ១៦ ខែកក្កដាកន្លងមក។

កាលពីថ្ងៃទី ១៨ ខែកក្កដា មានការជួបជុំដ៏ធំមួយត្រូវបានធ្វើឡើងនៅវិមានប្រជាធិបតេយ្យដែលជាមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនៃរដ្ឋធានីបាងកករបស់ប្រទេសថៃ ដោយប្រជាជនទាមទារឱ្យរំលាយសភា បញ្ចប់ការរំខានដល់ការរិះគន់របស់រដ្ឋាភិបាល ហើយធ្វើវិសោធនកម្មទៅលើរដ្ឋធម្មនុញ្ញដែលសរសេរដោយយោធា ដែលត្រូវអនុវត្តតាមដោយការបោះឆ្នោតថ្មីវិញ។

ប្រទេសថៃបានរៀបចំការបោះឆ្នោតជាសកលកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ ដែលជាការបោះឆ្នោតលើកដំបូងចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ ២០១៤ ដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រីរបស់លោក គឺលោកស្រី យីងឡាក់ ដែលអ្នកទាំងពីរជានាយករដ្ឋមន្រ្តីដែលត្រូវបានបណ្តេញចេញពីតំណែង។ រដ្ឋប្រហារនោះបាននាំឱ្យនាយឧត្តមសេនីយ៍ ចាន់អូចា និងក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) របស់ខ្លួន ឡើងកាន់អំណាចផ្តាច់មុខនៅក្នុងប្រទេសថៃ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)