គោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំនៅតែជាអាទិភាពរបស់កម្ពុជា

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២១ ០៧ ២០២០


MC៖សម្តេចតេជោហ៊ុនសែនបានបញ្ជាក់ថា គោលដៅនាំចេញអង្ករមួយលានតោនក្នុងមួយឆ្នាំនៅតែជាអាទិភាពរបស់កម្ពុជា ដើម្បីជួយដោះស្រាយបញ្ហាទីផ្សារស្រូវអង្កររបស់ប្រជាកសិករ។
ថ្លែងក្នុងពិធីចុះពិនិត្យវាយតម្លៃអំពីសកម្មភាពការងារបង្កបង្កើនផលស្រូវវស្សា និងជួបសំណេះ សំណាលជាមួយបងប្អូនប្រជាកសិករព្រមទាំងពិនិត្យស្ថានីយបូមទឹក ស្ថិតក្នុងភូមិបានកាម ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែ កក្កដា សម្តេចតេជោបានឲ្យដឹងថា កម្ពុជាគឺជាប្រទេសតូចមួយដែលមានកសិកម្មមិនទាន់លូតលាស់ ប៉ុន្តែសល់ស្រូវជាង៦លានតោនក្នុងនោះបើគិតជាអង្ករគឺសល់ជាង៤លានតោន ដែលនេះគឺជាទំហំដល់ធំមួយសម្រាប់កម្ពុជា ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដើម្បីឈានសម្រេចឲ្យបានការនាំចេញអង្ករឲ្យបានមួយលានតោនក្នុងមួយឆ្នាំនោះ កម្ពុជាត្រូវតែផ្លាស់ប្តូរ មិនមែនជាការធ្វើតាមរបៀបចាស់នោះទេ គឺជាកញ្ចប់នយោបាយសម្រាប់ការនាំចេញស្រូវនិងអង្ករ ទៅកាន់ទីផ្សារក្រៅប្រទេស។
សំឡេង«គោលនយោបាយផលិតស្រូវនិងការនាំចេញអង្ករឲ្យបានជាងមួយលានតោននៅតែជាគោលដៅអាទិភាពរបស់យើងដែលត្រូវបន្ត ជាមួយនិងគោលនយោបាយឧស្សាហកម្ម ២០១៥ ២០២៥ ។ អញ្ចឹងខ្ញុំគួរតែនិយាយថា មុនពេលដែលយើងដាក់ចេញនៅគោលនយោបាយកសិកម្ម គោលនយោ បាយផលិតស្រូវ និងការនាំចេញអង្កររបស់យើង ពេលនោះយើងសល់ស្រូវតិចតួចណាស់ ប៉ុន្តែបើខ្ញុំគិតត្រឹមឆ្នាំ២០០២ យើងនៅខ្វះអង្ករទេ ពេលនោះឥណ្ឌាបានផ្តល់អង្ករមួយឲ្យយើងចំនួន២ម៉ឺនតោននៅក្នុងឆ្នាំ២០០២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ពេលនោះយើងជួបគ្រោះរាំងស្ងួត បន្ទាប់ពីជំនន់ឆ្នាំ២០០១និងគ្រោះរាំងស្ងួតឆ្នាំ២០០២។នៅពេលដែលយើងដាក់ចេញនូវគោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករ ពេលនោះអង្កររបស់យើង ស្រូវរបស់យើងក៏ចាប់ផ្តើមសល់ ហើយសល់ ចុងក្រោយយើងសល់ស្រូវជិត៦លានតោន បើគិតជាអង្ករយើងមានប្រហែលជាង៤លានតោន »។
សូមបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេសបានចំនួនជាង៤០ម៉ឺនតោន៕