មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនានា និងការអនុវត្តផែនការ ផ្គត់ផ្គង់ទឹកសម្អាត និងអនាម័យជនបទ

AKP រតនគិរី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនានា ក្នុង​ការ​អនុវត្ត​ផែនការ សកម្មភាពខេត្តស្តីពីការផ្គត់ផ្គង់ទឹកសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ ដោយមានការអញ្ជើញចូលរួមរបស់លោក អៀម អឿន ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តរតនគិរី កាលពីថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២០។

លោក អៀម អឿន បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីការពង្រឹង​តួនាទី​ភារកិច្ចរបស់ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំង ធ្វើការបូកសរុបការងារឆមាសទី១ ឆ្នាំ២០២០ និងពិនិត្យ វឌ្ឍនៈភាពក្នុងការអនុវត្តសកម្មភាព​របស់មន្ទីរ និងអង្គការដៃគូ សម្រាប់ធ្វើការចែករំលែកបទពិសោធន៍នានាពាក់ព័ន្ធ និងបញ្ហា​ប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារ និងធ្វើការពង្រឹងចំណងទំនាក់ទំនង​ឱ្យ​កាន់តែប្រសើរឡើង រវាងស្ថាប័ន អង្គការ សហគមន៍ ដែលពាក់ព័ន្ធ។

លោកប្រធានមន្ទីរបានបង្ហាញពីលទ្ធផលអនុវត្តន៍បានក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ក្នុងនោះបានជួសជុលអណ្តូងស្នប់ចំនួន២១អណ្តូង ពិនិត្យគុណភាពទឹកចំនួន១៩ សំណាក ចុះប្រមូលទិន្នន័យអ្នកប្រើប្រាស់ទឹកមានសុវត្ថិភាព ចំនួន១៣ភូមិ ចុះតាម​ដានការសាងសង់​អាងត្រងទឹកភ្លៀងក្នុងគម្រោងទឹកស្អាតឆ្នាំ២០១៩បាន១០០ភាគរយ។ លោកបានបញ្ជាក់ថា សរុបជារួមមន្ទីរបានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានក្នុងខេត្តប្រមាណ៤៨ភាគរយសេវាអនាម័យ ៥៥ភាគរយ និងភូមិបញ្ឈប់បន្ទោរបង់ពាសវាលពាសកាល ចំនួន៣៤ភូមិ ក្នុង​ឃុំចំនួន០១ ។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ទៀតថា ការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់ អនាម័យនៅជនបទ គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះបានក្នុងការធ្វើឱ្យ ប្រសើរ​ឡើងនូវកម្រិតជីវភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របទៅតាមគោលនយោបាយកាត់ បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជាដោយបានយល់ច្បាស់ពីផលប៉ះពាល់អវិជ្ជមាន នៃកង្វះខាតការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យល្អនៅជនបទ។ លោកបានបន្ដ​ថា រាជរដ្ឋាភិបាល ក៏ដូចជាបណ្តាដៃគូរអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា បានយក​ចិត្តទុកដាក់ខ្ពស់ក្នុងការរិះរកនូវយុទ្ធសាស្ត្រគន្លឹះផ្សេងៗ ដើម្បីវិភាគអំពីលទ្ធភាព នៃប្រភពធន​ធានធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលដៅឆ្នាំ២០២៣ សម្រេចឱ្យបាន៩០ភាគរយ នូវអត្រា​ផ្គត់ផ្គង់ទឹកស្អាត និងអត្រាគ្របដណ្តប់អនាម័យឱ្យបាន ៩០ភាគរយ។​

លោកបានបន្ថែមថា ការសម្រេចឱ្យខានតែបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរ​ភាព៕ ដោយ ណយ នឿន (ប្រភព៖មន្ទីរព័ត៌មានខេត្តរតនគិរី)