ក្រសួងសុខាភិបាលបង្កើនវិធានការ គ្រប់គ្រងការធ្វើចត្តាឡីស័ក អ្នកធ្វើដំណើរចូលមកកម្ពុជា

វិទ្យុជាតិកម្ពុជា: លោកស្រី ធីណា ឌី

ណេ២០.០៧.២០២០
MC៖ ក្រសួងសុខាភិបាលបង្កើនវិធានការ គ្រប់គ្រងការធ្វើចត្តាឡីស័ក អ្នកធ្វើដំណើរចូលមកកម្ពុជាទាំងអស់ ដើម្បីបង្ការទប់ស្កាត់ការចម្លងកូវីដ១៩ ពីក្រៅចូលក្នុងសហគមន៍មូលដ្ឋាន។
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានពង្រឹងវិធានការធ្វើចត្តាឡីស័កយ៉ាងតឹងរឹងនៅតាមច្រកនានាដើម្បីទប់ស្កាត់ការចំលងជំងឺកូវីដ១៩ ពីក្រៅចូលមកកម្ពុជា ពិសេសទប់ស្កាត់កុំអោយបុគ្គលមួយចំនួនមកពីក្រៅប្រទេសគេចវេសមិនចង់ ធ្វើចត្តាឡីស័ក។
ការប្រកាសពង្រឹងវិធានការធ្វើចត្តាឡីស័កនេះបានធ្វើឡើង ក្រោយពីមានស្ត្រីខ្មែរ-អាមេរិកម្នាក់ ដែលលួចចេញពីកន្លែងចត្តាឡីស័កដោយមិនបានស្នើសុំត្រឹមត្រូវ ដែលជាទង្វើ មិនគោរពតាមវិធានការចត្តាឡីស័កសម្រាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានការរាតត្បាតជំងឺឆ្លងជាអន្តរជាតិនេះ។ លោកជំទាវបញ្ជាក់ទៀតថា បុគ្គលដែលមិនគោរព និងមិនប្រតិបត្តិតាមវិធានការសុខាភិបាល ឫរត់គេចវេស ពីការអនុវត្តវិធានការនេះ ដោយចេតនា ឫអចេតនាក្តី នឹងត្រូវទទួលទោស ឫទទួលការផាកពិន័យ ស្របតាមផ្លូវច្បាប់មានជាធរមាននៅកម្ពុជា ដូចជាអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជំងឺនៅតាមច្រកចេញចូល។
«សំឡេង៖ អ្នកដំណើរឬការរីនៃយានដឹកជញ្ជូនណា ដែលគេចវេសមិនឲ្យមន្រ្តីចត្តាឡីស័កឬមិនសហការជាមួយមន្ត្រីសុខាភិបាល ឬមិនបំពេញតាមបែកបទ ដែលមានកំណត់ក្នុងអនុក្រឹត្យ ត្រូវទទួលពិន័យជាប្រាក់ ពី២សែនរៀល ទៅ១លានរៀលទៅតាមទំហំនៃបទល្មើស និតតម្រូវឲ្យអនុវត្តតាមក្រសួងសុខាភិបាល។ អញ្ចឹងខ្ញុំសូមអំពាវនាវសូមបងប្អូន ជាពិសេសអ្នកដំណើរទាំងអស់ ហើយនេះមិនមែនសម្រាប់តែប្រជាជនកម្ពុជានោះទេ គឺអនុវត្តទាំងជនជាតិខ្មែរនិងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅ ហើយដែលធ្វើដំណើរចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ អញ្ចឹងលោកត្រូវតែគោរពតាមវិធាននៃការចត្តាឡីស័កនេះ និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនានាផ្សេងទៀត ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងនៃវីរុសកូវីដ១៩ ឬក៏ជំងឺឆ្លងផ្សេងៗទៀត។ ប្រសិនបើយើងមិនអនុវត្តវិធាននៃការសុខាភិបាលទេហានិភ័យនៅក្នុងប្រទេសរបស់យើងគឺខ្ពស់ណាស់។»
សូមបញ្ជាក់ថា មកពេលនេះ ក្រសួងសុខាភិបាលបានសម្រេចឱ្យស្ត្រីរូបនេះ រស់នៅដោយឡែក១៤ថ្ងៃសិន រួមទាំងអ្នកដែលប៉ៈពាល់ផ្ទាល់ជាមួយគាត់ ដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩ចូលមក សហគមន៍កម្ពុជា៕