អភិបាលខេត្តកំពង់ស្ពឺ បង្ហាញសមិទ្ធផល  និងការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០

ឯកឧត្តម  វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញអំពីសមិទ្ធផល និងការរីកចម្រើនរបស់រដ្ឋបាលខេត្ត។ ការបង្ហាញនេះធ្វើឡើងតាម រយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្រោម ប្រធានបទ «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ» នាទីស្ដីការ គណៈរដ្ឋមន្ដ្រី។

សមិទ្ធផល និងការរីកចម្រើនរបស់ខេត្តកំពង់ស្ពឺដែលនឹងត្រូវលើកឡើងនោះរួមមាន៖  វិស័យដីធ្លី,  កសិកម្ម ,  ពាណិជ្ជកម្ម  និងការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្ត។  ជាក់ស្តែង ការងារដែនដី នគររូបនីយកម្ម និងសំណង់៖ គិតត្រឹមឆ្នាំ២០១៩ ការងារចុះបញ្ជីដីជាលក្ខណៈ ប្រព័ន្ធ អនុវត្តន៍បានចំនួន៥១៥ភូមិ ក្នុង៣២ឃុំ-សង្កាត់ នៃក្រុង ស្រុកទាំង៨។ សរុបចាប់ពី ថ្ងៃចាប់ផ្តើមអនុវត្តន៍មកដល់ខែធ្នូ ឆ្នាំ២០១៩ បញ្ចូលទិន្នន័យបានចំនួន ៤០៨,៩៣៨ក្បាលដី និងបានចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៣៣៣,៥៩២ ប័ណ្ណ។

ដោយឡែកការដោះស្រាយវិវាទ និងសម្រុះសម្រួលទំនាស់៖ សរុបគិតត្រឹមឆ្នាំ២០១៩ រដ្ឋបាលខេត្តបានទទួលពាក្យបណ្តឹង ឬលិខិតចំនួន៨០ករណី លិខិតពីថ្នាក់ជាតិ ពាក់ព័ន្ធនឹង បញ្ហាដីធ្លី ចំនួន២៣ករណី ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៥៧ករណី៖ បានដោះស្រាយ បញ្ចប់ដោយរដ្ឋបាលខេត្ត ចំនួន២៧ករណី, កំពុងបន្តដោះស្រាយចំនួន ៣១ករណី, មិនទាន់ បានដោះស្រាយ ចំនួន០៦ករណី និងបានបញ្ជូនទៅរដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ចំនួន១៦ករណី។

ចំពោះបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈវិញ  ឯកឧត្តមបានលើក ឡើងថា ក្នុងឆ្នាំ២០១៩កន្លងទៅ បទល្មើសព្រហ្មទណ្ឌកើតមានចំនួន ៤២លើ ៣៣ករណី ប្រៀបធៀបនឹងឆ្នាំ២០១៨ កើន៩ករណី ស្មើនឹង២៧ភាគរយ ប៉ុន្តែគ្រប់សកម្មភាពបទល្មើស ត្រូវបង្រ្កាបបានទាន់ពេលវេលា១០០ភាគរយ។ បទល្មើសគ្រឿងញៀនដែលកើតឡើងមាន ចំនួន ១៦៤ករណី យើងឃាត់ខ្លួនមុខសញ្ញាបាន ៣៦៣នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតមាន ១៨៨លើក កើនឡើង ៥៦លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ១៣៤នាក់ ស្រី១០២នាក់។

ឯកឧត្តម  បន្តថា  ការងារពាណិជ្ជកម្មសម្រាប់ខេត្ត  គឺនៅក្នុងខេត្តមានផលិតផលចំនួន ១០មុខ ដូចជា ស្ករត្នោត ស្ករអំពៅ បន្លែ សាច់មាន់ សាច់ជ្រូក ស្រូវអង្ករ ស្វាយកែវរមៀត ខ្សាច់សំណង់ និងថ្មសំណង់។ ឯកឧត្តមបន្តទៀតថា  មានក្រុមហ៊ុន សហគ្រាសចំនួន ៧៤៥ ក្នុងនោះ មានក្រុមហ៊ុនចំនួន៣៤៩។ សាខាក្រុមហ៊ុនចំនួន ១៤២ និងសហគ្រាសចំនួន២៥៤ មានផ្សារចំនួន ២០កន្លែង និងផ្សារសហគមន៍៥កន្លែង។

ឯកឧត្តមបន្ថែមថា   ការប្រមូលផលស្រូវរដូវវស្សាបញ្ចប់វគ្គគិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ សម្រេចបានចំនួន១១១,៨២៩ហិកតា ស្មើ៩៧.២៤ភាគរយ នៃផ្ទៃដីអនុវត្តន៍បាន សរុបជាទិន្នផលមធ្យម ៣.០៣៥តោន ក្នុង១ហិកតា បរិមាណផលសរុបចំនួន ៣៣៩,៤២០តោន។ ផ្ទៃដីខូចខាតទាំងស្រុងចំនួន ៣,១៦៧ហិកតា ស្មើនឹង២.៧៥ភាគរយ នៃផ្ទៃដីអនុវត្តន៍សរុប៕

ដោយ ចាន់ សុធីវង្ស