ឯកឧត្តម សោម ពិសិដ្ឋ ណែនាំឱ្យក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តកែប ពន្លឿនការងារធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

AKP កែប ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០

នៅក្នុងពិធីជួបជាមួយក្រុមប្រឹក្សាសង្កាត់ព្រៃធំ ដើម្បីពិនិត្យដំណើរការ នៃការផ្តល់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានណែនាំដល់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងខេត្តកែប ត្រូវយកចិត្តទុកដាក់ធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ជូន ប្រជាពលរដ្ឋឱ្យបានលឿន និងប្រកបដោយតម្លាភាព ចំគោលដៅ ដើម្បីឱ្យពួកគាត់ឆាប់ បានប័ណ្ណ យកទៅប្រើប្រាស់សម្រួលដល់ការលំបាក ក្នុងពេលដែលពួកគាត់កំពុង ទទួលរងផល ប៉ះពាល់សេដ្ឋកិច្ច បណ្តាលមកពីការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ ១៩។

ឯកឧត្តមបានបន្តទៀតថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជំរុញគោលនយោ បាយការពារសង្គម និងបានដាក់ចេញនូវវិធានការអន្តរាគមន៍ ជំនួយសង្គមសំដៅ ជួយ សម្រួលការលំបាក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ តាមរយៈការឧបត្ថម្ភសាច់ប្រាក់ជូនបងប្អូនប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ ឬប័ណ្ណក្រីក្រ ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា  គឺនៅគ្រប់ឃុំសង្កាត់ ទូទាំងខេត្តត្រូវតែបន្តជូបជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការងារផ្តល់ អត្តសញ្ញាណកម្ម គ្រួសារក្រីក្រឆាប់ទទួលបានប័ណ្ណ និងបន្តចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីឈ្វេង យល់ពីទុក្ខកង្វល់ បញ្ហាប្រឈម សំណូមពរ ក៏ដូចជាការលំបាកនានា របស់បងប្អូន ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានក្រើនរម្លឹកដល់បងប្អូនទាំងអស់ សូមឱ្យបន្តអនុវត្តន៍ វិធានការអនាម័យ វិធានការរក្សាគម្លាតឱ្យបានជាប់ជាប្រចាំ ទៅតាមការណែនាំរបស់ក្រសួង សុខាភិបាល ដើម្បីការពារការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវកូវីដ១៩នេះ។

លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តបញ្ជាក់ថា គិតមកដល់ថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០២០ គ្រួសាក្រីក្រដែលស្នើសុំថ្មីទូទាំងខេត្ត មានចំនួន៣៤២គ្រួសារ ក្នុងនោះក្រីក្រ កម្រិត១ចំនួន១១៤គ្រួសារ ក្រីក្រកម្រិត២ចំនួន២២៨គ្រួសារ ហើយយើងនៅតែបន្ត ចុះសម្ភាសន៍តាមការស្មើសុំរបស់ប្រជាពលរដ្ឋ ដើម្បីផ្តល់ប័ណ្ណជាបន្តបន្ទាប់។

ដោយឡែកទិន្នន័យគ្រួសារក្រីក្រសរុប ពីឆ្នាំ២០១៧ មានចំនួន ១.៤២១គ្រួសារ ត្រូវបានធ្វើបច្ចុប្បន្នភាព និងបានពិនិត្យសម្រេចដកចេញ ពីគ្រួសារក្រីក្រ សរុប ១៧៣ គ្រួសារ នៅសល់ ១២៤៨គ្រួសារ។

ក្នុងឱកាសអញ្ជើញត្រួតពិនិត្យដំណើរការផ្តល់ប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ជូន ដល់សមាជិកក្រុមប្រឹក្សា សង្កាត់ ម្នាក់១០ម៉ឺនរៀល មេភូមិ ៥ម៉ឺន រៀល និងផ្តល់ជូនប័ណ្ណក្រក្រីជូនប្រជាពលរដ្ឋដែលទើបស្នើសុំថ្មីចំនួន៦៨គ្រួសារ និងថវិកា ម្នាក់ៗមួយចំនួនផងដែរ៕

ដោយ ប្រាក់ លាង