ពិធីសំណេះសំណាល និងប្រគល់ជូនសម្ភារបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋ បន្លាស់ទីផ្ទះទឹកមកលើគោក ចំនួន ៤០គ្រួសារ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០នេះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ជូនសម្ភារបង្គន់អនាម័យជូនដល់ប្រជាពលរដ្ឋ បម្លាស់ទីផ្ទះទឹកមកលើគោកចំនួន ៤០គ្រួសារ ជារួមក្នុងន័យអនាម័យសុខភាពជាកត្តាចម្បង។

ក្នុងកម្មវិធីនោះដែរលោក អម សុភា អភិបាលរងខេត្ត បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារសុខភាព ដើម្បីចៀសឆ្ងាយពីជម្ងឺផ្សេងៗ ពិសេសជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

បន្ទាប់មក លោកអភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យមើលការងារស្ថាបនាស្រះទឹក ចំនួន១កន្លែង ដើម្បីប្រើប្រាស់សម្រាប់សហគមន៍ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពីសំណាក់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ស្រុក កម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរឃុំ ភូមិ និងប្រជាពលរដ្ឋរស់នៅតំបន់ក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ៕