ករណីជំងឺកូវីដ-១៩ មានការកើនឡើងយ៉ាងខ្លាំង នៅក្នុងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០​ — មន្ត្រីសុខាភិបាលក្នុងប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ករណីជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូណេស៊ីមានការកើនឡើងចំនួន ១.៧៥២ករណីក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យចំនួនសរុបមានដល់ ៨៤.៨៨២ករណី ជាមួយនឹងចំនួនអ្នកស្លាប់បានកើនឡើងពីដល់ ៤.០១៦នាក់។

យោងតាមលោក Achmad Yurianto មន្រ្តីក្រសួងសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺចំនួន ១.៤៣៤នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយ នឹងបានចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យអ្នកជំងឺព្យាបាលជាសះស្បើយសរុបចំនួន ៤៣.២៦៨នាក់។

លោក Yurianto បាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខេត្តចំនួន ៦ ដែលរួមមានខេត្ត ស៊ូម៉ាត្រាខាងជើង ខេត្តកាលីម៉ាន់តាន់ខាងត្បូង រដ្ឋធានីហ្សាការតា កោះជ្វាភាគកណ្តាល កោះជ្វាខាងកើត និងខេត្តស៊ូឡាវេស៊ីខាងត្បូង បានកត់ត្រានូវករណីឆ្លងខ្ពស់ជាងគេ។

លោក Yurianto បានអំពាវនាវដល់សាធារណជនឱ្យគោរពតាមពិធីសារសុខភាពដែលបានអនុវត្តក្នុងគោលបំណងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ នេះ។

ក្នុងពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលនៃប្រទេសហ្វីលីពីនបានរាយការណ៍អំពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២.៣៥៧ករណី និងអ្នកស្លាប់ចំនួន ១១៣នាក់ ដែលភាគច្រើនមាននៅទីក្រុងម៉ានីល ទីក្រុងសេប៊ូ​ និងតំបន់ភាគកណ្តាល៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)