ជនបរទេសនៅប្រទេសថៃអាចដាក់ពាក្យសុំពន្យារពេលទិដ្ឋាការបន្ទាប់ពីថ្ងៃទី ៣១ ខែកក្កដា

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០​ — ប្រធានការិយាល័យអន្តោប្រវេសន៍ថៃបាននិយាយថា ភ្ញៀវទេសចរបរទេសដែលនៅជាប់គាំងនៅក្នុងប្រទេសថៃដោយសារជំងឺរាតត្បាតកូវីដ-១៩ នឹងត្រូវអនុញ្ញាតឱ្យដាក់ពាក្យស្នើសុំពន្យារការស្នាក់នៅរយៈពេលខ្លីបន្ទាប់ពីទិដ្ឋាការផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដា។

ស្នងការការិយាល័យលោកឧត្តមសេនីយ៍ឯក Sompong Chingduang បាននិយាយថា ភ្ញៀវទេសចរបរទេសដែលមិនអាចចាកចេញពីប្រទេសថៃ បាននឹងត្រូវបានផ្តល់ពេលវេលាអនុគ្រោះចាប់ពីថ្ងៃទី១ ខែសីហាដល់ថ្ងៃទី២៦ ខែកញ្ញា ដើម្បីដាក់ពាក្យសុំស្នាក់នៅរយៈពេលជាក់លាក់មួយ។

យោងតាមកាសែតសារព័ត៌មានបាងកកប៉ុស្តិ៍បានឱ្យដឹងថា ទោះជាយ៉ាងណា ប្រសិនបើពួកគេមិនទទួលបានការពន្យារពេលទេ ហើយនៅតែស្ថិតក្នុងប្រទេសថៃបន្ទាប់ពីថ្ងៃទី២៦ ខែកញ្ញា ពួកគេនឹងត្រូវប្រឈមនឹងផ្លូវច្បាប់ នឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅផងដែរ។

លោកបានជំរុញឱ្យជនបរទេសទាក់ទងទៅការិយាល័យនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់របស់ពួកគេ ដើម្បីជៀសវាងការកកកុញខ្លាំងនៅពេលផុតកំណត់ថ្ងៃទី ២៦ ខែកញ្ញា ដែលខិតជិតមកដល់ហើយនោះ។

លោកបាននិយាយថា ភ្ញៀវទេសចរបរទេសត្រូវបញ្ជាក់អំពីហេតុផលរបស់ពួកគេ ហើយបញ្ជូននូវឯកសារចាំបាច់នៅពេលដែលស្នើសុំបន្តទិដ្ឋាការរយៈពេលខ្លី ដែលនឹងត្រូវផ្តល់ជូនរយៈពេល ៣០ថ្ងៃ។

ប្រសិនបើពួកគេមិនអាចវិលត្រឡប់ទៅវិញបានដោយសារមិនមានជើងហោះហើរ ឬដោយសារវិធានការចាក់សោប្រទេសនៅក្នុងប្រទេសរបស់ពួកគេ ពួកគេត្រូវតែបញ្ជូនភ័ស្តុតាងមក។ ការផ្តល់ទិដ្ឋាការស្នាក់នៅរយៈពេលខ្លីនេះនឹងត្រូវធ្វើឡើងតាមករណីនីមួយៗ។

លោកបាននិយាយថា ការិយាល័យនេះបានស្នើដល់ក្រុមប្រឹក្សារដ្ឋអំពីការស្នើសុំស្នាក់នៅរយៈពេលខ្លី ហើយវាត្រូវបានណែនាំថា ក្រសួងមហាផ្ទៃអាចចេញសេចក្តីប្រកាសមួយ។

លោកបាននិយាយបន្តថា វិធានការណ៍ផ្តល់ជំនួយផ្នែកទិដ្ឋាការរបស់ក្រសួងមហាផ្ទៃសម្រាប់ភ្ញៀវទេសចរបរទេសនឹងត្រូវដាក់ជូនគណៈរដ្ឋមន្រ្តីដើម្បីអនុម័តនៅសប្តាហ៍ក្រោយ។ ការិយាល័យនេះនឹងចេញសេចក្តីណែនាំស្តីពីវិធីដាក់ពាក្យសុំពន្យារពេលទិដ្ឋាការ។

លោកបានប៉ាន់ប្រមាណថា មានជនបរទេសចន្លោះពី ៣០០.០០០នាក់ ទៅ ៤០០.០០០នាក់កំពុងជាប់គាំងនៅក្នុងរាជាណាចក្រមួយនេះដោយសារតែការចាក់សោទ្វារប្រទេស៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)