ប្រទេសថៃអនុម័តទៅលើគម្រោងធានាតម្លៃស្រូវសម្រាប់ឆ្នាំ ២០២០-២០២១

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០​ — គណៈកម្មាធិការគោលនយោបាយស្រូវជាតិថៃ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានអនុម័តគម្រោងធានាតម្លៃស្រូវសម្រាប់ឆ្នាំ ២០២០-២០២១ ដោយផ្តល់ជូននូវតម្លៃក្នុងអត្រាដូចគ្នានឹងរដូវមុន។

អ្នកនាំពាក្យរដ្ឋាភិបាលរងថៃ លោកស្រី Rachada Dhanadirek បាននិយាយថា ផែនការប្រចាំឆ្នាំ ២០២០-២០២១ ដែលនឹងត្រូវអនុវត្តនៅចន្លោះថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២១ ត្រូវបានគេរំពឹងថា​ នឹងប្រើប្រាស់ថវិកាចំនួន ៨៥ប៊ីលានបាត (ប្រមាណ ២,៦ប៊ីលានដុល្លារអាម៉េរិក)។

លោកស្រីបាននិយាយថា ប្រសិនបើមានប្រាក់កម្ចីចំនួន ៣០,៣ប៊ីលានបាតដែលត្រូវផ្តល់ឱ្យដោយធនាគារកសិកម្ម និងសហករណ៍កសិកម្មរបស់រដ្ឋ នោះគម្រោងនេះនឹងមានទឹកប្រាក់សរុបចំនួន ១១៥ ប៊ីលានបាត។

លោក Charoen Laothammatas ប្រធានសមាគមអ្នកនាំចេញអង្ករថៃបាននិយាយថា ទស្សនវិស័យនៃការនាំចេញអង្ករមើលទៅមិនសូវជាល្អនោះទេនៅក្នុងឆមាសទីពីរនេះ ក្នុងគ្រាដែលតម្រូវការសកលលោកមានការធ្លាក់ចុះដែលបណ្តាលមកពីវិបត្តិជំងឺកូវីដ-១៩។

សមាគមនេះបានកំណត់ទិសដៅនាំចេញអង្ករពេញមួយឆ្នាំចំនួន ៧,៥លានតោន ប៉ុន្តែគេគ្រោងនឹងកែសម្រួលគោលដៅដែលបានកំណត់នេះនៅថ្ងៃទី ២២ ខែកក្កដា ខាងមុខ។

ប្រទេសថៃបាននាំចេញអង្ករចំនួន ៧,៥៨លានតោន ដោយគិតជាទឹកប្រាក់មានចំនួន ១៣១ប៊ីលានបាតក្នុងឆ្នាំ២០១៩ ពោលគឺធ្លាក់ចុះ ៣២ភាគរយគិតជាបរិមាណ និង ២៥ភាគរយគិតជាតម្លៃ ចាប់ពីឆ្នាំ ២០១៨ ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)