រដ្ឋសភាប្រគល់ម៉ាសប្រមាណ១៨ម៉ឺនម៉ាស ដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២០ ០៧ ២០២០

MC:  រដ្ឋសភា បានប្រគល់ម៉ាសប្រមាណ១៨ម៉ឺនម៉ាស ដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋប្រើប្រាស់ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

  ថ្លែងក្នុងពិធីប្រគល់ និងទទួលម៉ាសដល់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែកក្កដា នៅវិមានរដ្ឋសភា ឯកឧត្តម  កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឱ្យដឹងថា សម្តេចប្រធានរដ្ឋសភា បានផ្តល់ម៉ាសទាំងនេះដល់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាប្រយោជន៍ដល់សកម្មភាពការងារ ទប់ស្កាត់កុំឱ្យជំងឺកូវីដ១៩នៅកម្ពុជា  រីករាលដាលខ្លំាងជាងនេះ ដែលបង្កគ្រោះភ័យដល់សុខភាពពលរដ្ឋខ្មែរបន្តទៀតទេ។

  ឯកឧត្តម  កែវ ពិសិដ្ឋ បានបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយនៅក្នុងនោះសម្តេចតែងតែចុះអប់រំ ណែនាំពលរដ្ឋឱ្យគោរពតាមវិធានការការពាររបស់ក្រសួងសុខាភិបាល និងបានលើកទឹកចិត្តដល់សមាជិកសមាជិការដ្ឋសភាទំាងអស់ ចុះចែកម៉ាស់ អាកុល ឬជែលលាងដៃ រួមនិងសម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋជាប្រចំា។

  ជាមួយគ្នានេះ សម្តេចពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលបន្តបន្ទាប់នាពេលកន្លងមក មានវិធានការការពារសុខភាពពលរដ្ឋ ក៏ដូចជាការស្តារឡើងវិញនូវជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ  ពីផលប៉ះពាល់ដោយសារកូវីដ១៩ ដូចជាការផ្តល់បញ្ចប់ប្រាក់ឧបត្ថម្ភដល់កម្មករកម្មការិនីក្នុងឧស្សាហកម្មកាត់ដេរ ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលបានព្យួរការងារដោយសារជំងឺកូវីដ១៩។ ពិសេសការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រប្រមាណ៥៦ម៉ឺនគ្រួសារនៅទូទំាងប្រទេស នៅក្នុងជុំទី១ ដែលគិតមកដល់ពេលនេះប្រជាពលរដ្ឋទំាងអស់នោះបានទទូលប្រាក់ឧបត្ថម្ភសឹងគ្រប់ក្រុមគ្រួសារហើយ ក្នុងនោះរដ្ឋបានចំណាយថវិកាប្រមាណជាង២០លានដុល្លាររួចមកហើយដែរ។

តាមរយៈ  ឯកឧត្តម កែវ ពិសិដ្ឋ សម្តេចពញាចក្រី សំរិន ក៏បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការការពារ ដែលក្រសួងសុខាភិបាលបានដាក់ចេញឱ្យ បានខ្ជាប់ខ្ជួន  ដូចជាការពាក់ម៉ាស  ឧស្សាហ៍លាងសម្អាតដៃនឹងសាប៊ូ អាកុល រក្សាគម្លាតសង្គម ដើម្បីធ្វើយ៉ាងណាកុំឱ្យឆ្លងជំងឺកូវីដ១៩ ដល់ខ្លួន ដល់ក្រុមគ្រួសារខ្លួន និងសហគមន៍៕