នៅពេលសល់១.០០០ថ្ងៃCAMSOC នឹងធ្វើពិធីប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

វិទ្យុជាតិកម្ពុជា​៖​ ដោយ​លោក​ ជៀង​ យ៉ា​រ៉េត​

CAMSOC៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នឹងប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅពេលសល់១.០០០ថ្ងៃគត់នោះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) នឹងរៀបចំពិធីប្រកាសរាប់ថយក្រោយជាផ្លូវការ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលមានចំនួន១០០០ថ្ងៃគត់ ។ឯកឧត្តមអគ្គលេខាធិការបញ្ជាក់ប្រាប់អោយដឹងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្តរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) ដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC នាពេលកន្លងមក ។
ជាមួយនឹងការបង្ហើបឲ្យដឹងពីការប្រកាសផ្លូវការពីការរាប់ថយក្រោយ នៃដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នោះ ឯកឧត្តម វ៉ាត់ ចំរើន នៅបានបញ្ជាក់ប្រាប់ឲ្យដឹងដែរថា ចំពោះបញ្ហាស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនាស៊ីហ្គេមឆ្នាំ២០២៣នោះ CAMSOC បានឯកភាពលើការសម្រេចលើស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា (ឬពាក្យស្លោក) ដោយ៣ទម្រង់នេះយើងបានសម្រេចជាគោលការណ៍ហើយ ដោយនៅកែសម្រួលតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងពាក្យពេចន៍នៃបាវចនា ខណៈស្លាកសញ្ញានិងនិមិត្តសញ្ញា ត្រូវបានឯកភាពទាំងស្រុង។ ឯកឧត្តម បញ្ជាក់ថា យើងបានទទួលយកនូវការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនាប្រធាន CAMSOC រួចហើយៗយើងបានសម្រចទៅលើយន្តការនៃការប្រកាសជាផ្លូវការ ក្រោយពីសម្រេចចុងក្រោយពីប្រមុខរាជរដ្ឋាភិបាល ដើម្បីឲ្យគណៈកម្មការជំនាញទាំងអស់នៃCAMSOC នឹងចាប់ផ្តើមដំណើរការនាពេលបន្តបន្ទាប់ ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានសម្រេចធ្វើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី២ទៅ៣ទម្រង់ ដែលទាំងបីទម្រង់នេះ គណៈអចិន្ត្រៃយ៍បានកែសម្រួលជាច្រើនលើកច្រើនសារ ដើម្បីធ្វើឲ្យកាន់តែទាក់ទាញទាំងសោភ័ណភាព អត្ថរូប និង អត្ថន័យជាដើម ដើម្បីដាក់ឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងជាប្រធាន CAMSOC ៕